ត្រឹមពាក់កណ្តាលខែមីនា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចបានជិត ៩០%
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤%ហើយ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន។
គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩គ.ម និងផ្លូវខ្នែង មានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គ.ម សម្រេចលទ្ធផលបាន ៦២,១០%។ ដូចអ្វីដែលបានគ្រោងទុក បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។
ជាថ្មីម្តងទៀត លោករដ្ឋលេខាធិការ បានណែនាំក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បាស់លាស់ និងមានគ្រឿងចក្រគ្រប់គ្រាន់ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ នឹងរៀបចំផែនការដើម្បីគោរពអញ្ជើញ លោករដ្ឋមន្រ្តី មកពិនិត្យការដ្ឋាននៅក្នុងកំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខ មុននឹងគោរពស្នើសុំ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមឈ្មោះស្ពាន និងគោរពអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ នៅពេលវេលាសមរម្យណាមួយ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តទៅ៕