លោក កែវ អូម៉ាលីស្ស ត្រូវបានដូរចេញ ហើយអ្នកថ្មី ដែលទទួលតំណែងនេះ គឺលោក សួន សុវណ្ណ
ភ្នំពេញ៖ ក្រោយកាន់តំណែងជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម អស់ជាង៦ឆ្នាំ លោក កែវ អូម៉ាលីស្ស ត្រូវបានដូរចេញ ហើយអ្នកថ្មី ដែលទទួលតំណែងនេះ គឺលោក សួន សុវណ្ណ។ ព្រះរាជក្រឹត្យស្តីពីការតែងតាំងលោក សួន សុវណ្ណ ជាប្រធានរដ្ឋបាលព្រៃឈើ បានចេញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាចេញព្រះរាជក្រឹត្យនេះ តាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រ។
មុនឡើងជាប្រធាន លោក សួន សុវណ្ណ ជាអនុប្រធានរដ្ឋបាលព្រៃឈើស្រាប់ទៅហើយ។ រដ្ឋបាលព្រៃឈើ គឺជាអង្គភាពគ្រប់គ្រងព្រៃឈើ ស្របតាមគោលនយោបាយវិស័យព្រៃឈើជាតិ។ រដ្ឋបាលព្រៃឈើ មានរចនាសម្ព័ន្ធគ្រប់គ្រង និងចាត់តាំងទូទាំងប្រទេស ដោយរចនាសម្ព័ន្ធនេះ បែងចែកជាថ្នាក់កណ្ដាល ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។ លោក កែវ អូម៉ាលីស្ស ឡើងកាន់តំណែងរដ្ឋបាលព្រៃឈើ តាមរយៈព្រះរាជក្រឹត្យ កាលពីខែកញ្ញា ឆ្នាំ២០២១៨។ ក្រោយដូរចេញពីតំណែងប្រធានរដ្ឋបាលព្រៃឈើនេះ លោក នឹងត្រូវទៅកាន់តំណែងអ្វីបន្តនោះ គេនៅមិនទាន់នោះទេ៕