អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ ៤គ្រួសារ នៅឃុំព្នៅទី២
ភ្នំពេញ៖ លោក គង់ វណ្ណៈ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក តំណាង លោក យឹម យូគង់ ប្រធានគណៈកម្មាធិការ រួមជាមួយ លោកស្រី ម៉េត ផល្លីម ហេរញ្ញិកគណៈកម្មាធិការ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ផ្តល់ជូនដល់គ្រួសារងាយរងគ្រោះចំនួន ៤គ្រួសារ ក្នុងនោះ៖ គ្រួសារក្រីក្រចំនួន ២គ្រួសារ និងជនពិការចំនួន ២នាក់ នៅភូមិចំនួន៤ ក្នុងឃុំព្នៅទី២។
នាឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាស្រុក ជាពិសេស ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេស គ្រួសារក្រីក្រ និងជនពិការដូចនេះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ជាមួយគ្នានោះ បានសំណូមពរអោយខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងសូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារអាកាសធាតុមានការប្រែប្រួលអាចមានជាភ្លៀងលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។ បន្ថែមពីនេះ សូមបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗ ព្រមទាំងចូលរួមកំចាត់ជំងឺមិនឆ្លងដោយមិនត្រូវបរិភោគអាហារមានរសជាតិផ្អែមពេក ប្រៃពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង និងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
សម្ភារៈផ្តល់ជូនក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ១យួរ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត និងថវិកាចំនួន ៥០,០០០ រៀល។ ក្រុមកាកបាទក្រហមឃុំព្នៅទី២ ចូលរួមថវិកាបន្ថែមចំនួន ១២០,០០០ រៀល ៕