ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យសេចក្តីព្រាងចុងក្រោយផែនទីបង្ហាញផ្លូវអនុវត្តជាតិស្តីពីការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៥-២០២៨

នាថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យសេចក្តីព្រាងចុងក្រោយ លើផែនទីបង្ហាញផ្លូវអនុវត្តជាតិស្តីពីការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៥-២០២៨ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២ គ.ជ.គ.ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំពិនិត្យសេចក្តីព្រាងចុងក្រោយនាពេលនេះ គឺដើម្បីឱ្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវអនុវត្តជាតិស្តីពីការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៥-២០២៨ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពេញលេញស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។
សូមបញ្ជាក់ថា គោលបំណងចម្បងនៃផែនទីបង្ហាញផ្លូវនេះ គឺដើម្បីផ្តល់ឱ្យរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននូវក្របខ័ណ្ឌរចនាសម្ព័ន្ធសម្រាប់ការពង្រឹងប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុននៅទូទាំងប្រទេស ដោយយកប្រជាជនជាគោល។ ផែនទីបង្ហាញផ្លូវនេះ ផ្តល់នូវសំណុំសកម្មភាពជាអនុសាសន៍ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់អាទិភាពសម្រាប់ការវិនិយោគជុំវិញប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ស្របតាមគោលដៅ នៃក្របខ័ណ្ឌសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៥ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើវិស័យធនធានទឹក និងឧតុនិយម ជាពិសេសគាំទ្រចំពោះការចូលរួមចំណែកលើកកម្ពស់ការពង្រឹងការតាមដាន ការព្យាករណ៍គ្រោះទឹកជំនន់ គ្រោះរាំងស្ងួង និងប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅទូទាំងប្រទេសកម្ពុជា ដោយយកប្រជាជនជាគោល៕

អត្ថបទដែលជាប់ទាក់ទង