ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានកុំព្យូទ័រ ២០០គ្រឿង ពីក្រសួងប្រៃសណីយ៍ ដើម្បីអនុវត្តការងារឌីជីថល
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមការងារបច្ចេកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២០០គ្រឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ។
ពិធីប្រគល់-ទទួលកុំព្យូទ័រ នេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ជាថ្នាក់ដឹកនាំនៃគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដោយផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើឱ្យប្រសើរឡើងលើការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។ ជាមួយគ្នានេះ ឯកឧត្ដម បានបញ្ជាក់ពីវិស័យអាទិភាពរបស់ក្រសួងប្រៃសនីយ៍ និងគមនាគមន៍ ជូនគណៈប្រតិភូដែលអញ្ជើញមកនាពេលនេះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងដែលបានផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ក្រុមការងារគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អុីនធឺណិត ព្រមទាំងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងបានផ្តល់នូវកុំព្យូទ័រចំនួន ២០០ គ្រឿងដើម្បីអនុវត្តការងារឌីជីថលប្រចាំក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជម្រាបជូនពីវិស័យអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើការអភិវឌ្ឍន៍សហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូសំដៅកសាងតំបន់ជនបទប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ។
គួរជម្រាបជូនផងដែរថានេះ ពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២០០គ្រឿង នាពេលនេះ មានកុំព្យូទ័រលើតុ (Desktop) ចំនួន ១០០គ្រឿង និងកុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០០គ្រឿង ដែលកុំព្យូទ័រទាំងនេះ គឺជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមជំរុញល្បឿនកំណែទម្រង់បរិវត្តកម្មឌីជីថលកម្ពុជា សំដៅជំរុញដល់ការបង្កើនប្រសិទ្ធភាពការងារ និងការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈជូនដល់សាធារណៈជន៕