សម្រស់សួនសុបិន កោះច្រែង បានត្រៀមខ្លួនជាស្រេច នាឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក្រោមការរៀបចំក្បូរក្បាច់រចនាអប ដោយផ្កាចម្រុះពណ៌រីកស្គុះស្គាយ
ខេត្តក្រចេះ ៖ សម្រស់សួនសុបិន កោះច្រែង បានត្រៀមខ្លួនជាស្រេច នាឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក្រោមការរៀបចំក្បូរក្បាច់រចនាអបដោយផ្កាចម្រុះពណ៌រីកស្គុះស្គាយ។ តំបន់ទេសចរណ៍ថ្មីនេះ ឈ្មោះ សួនសុបិន្ត កោះច្រែងមានទីតាំង ស្ថិតក្នុងឃុំកោះច្រែង ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលគេរំពឹងថា និងក្លាយគោលដៅទេសចណ៍ថ្មីមួយ អាចទាក់ទាញអ្នកទេសរណ៍ជាតិ និងអន្តរជាតិ ចូលលេងខេត្តក្រចេះកាន់តែច្រើន ។
ម្ចាស់សួនសុបិន្ត កោះច្រែង លោកស្រី សាន ថានី បានរៀបរាប់ថា ផ្តើមចេញពីអាជីវកម្ម ផែនការបែបគ្រួសារ និងការស្រលាញ់បរិស្ថាន និងគ្រួសារ លោកស្រីក៏បានរៀបចំជាហាងកាហ្វេ និងសួនកំសាន្ដនេះឡើង ក្នុងដើមឆ្នាំ២០២៥ ដើម្បីបម្រើសេវ៉ាកម្មម្ហូបអាហារ ជាមួយនឹងកាហ្វេដ៏ឈ្ងុយឆ្ងាញ់ អមទៅដោយសួនផ្កាចម្រុះពណ៍, ស្ពានឆ្លងវាងស្រែមានរាងពស់, និងកន្លែងថតរូបស្អាតៗ វាលស្រែចម្ការបៃតងលឿងតាមរដូវកាល ។
ស្រី្តរូបនេះ បានរៀបរាប់បន្ថែមថា ថ្មីៗនេះលោកស្រីបានរៀបចំជាអាហារដ្ឋានលើទឹក ស្ពានឆ្លងទឹក, កញ្ជុះលើទឹក, អ្នកទេសចរណ៍មកកំសាន្ដ អាចញាំអាហារគយគន់សម្រស់ធម្មជាតិ ជាមួយឆ្នេខ្សាច់សក្បោះ និងទឹកទន្លេថ្លាយ៉ុងនារដូវប្រាំ ពិសេសអ្នកទេសចរណ៍ ក៏អាចជួលសំពៅជិះឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងបានផងដែរ ។
លោកស្រី បានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំង បន្ទាប់ពីមានបងប្អូនមកលេងកំសាន្ដច្រើនកុះករ ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល, បុណ្យចូលឆ្នាំចិន និងថ្ងៃបុណ្យសិទ្ធនារី កន្លងទៅនេះ ហើយលោកស្រីក៏រំពឹងយ៉ាងម៉ុតមាំថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុន និងមានអ្នកទេសរណ៍ចូលមកលេងកាន់តែច្រើនបន្ថែមទៀត ។
ថ្វីត្បិតរមណីយដ្ឋានទេសចរណ៍នេះថ្មីនេះ មិនទាន់បានចុះបញ្ជីផ្លូវការ ក្នុងមន្ទីរទេសរណ៍ខេត្តក្តី ប៉ុន្តែទីតាំង នោះបានក្លាយជាកន្លែងលំហែមួយដ៏ពេញនិយម ជាពិសេសនៅអំឡុងពេលចុងសប្តាហ៍ និងថ្ងៃបុណ្យដទៃទៀត ៕