ជ័រអាភៀនរាប់សិបគីឡូក្រាម ព្រមទាំងជនបរទេសដែលជាសង្ស័យចំនួន៨នាក់ មាន៣សញ្ជាតិ សមត្ថកិច្ចជំនាញ រួមសហការបង្ក្រាប ករណីរត់ពន្ធគ្រឿងញៀនឆ្លងដែនពីប្រទេសជិតខាង ចូលកម្ពុជា
ខេត្តស្ទឹងត្រែង៖ ជ័រអាភៀនរាប់សិបគីឡូក្រាម ព្រមទាំងជនបរទេសដែលជាសង្ស័យចំនួន៨នាក់ មាន៣សញ្ជាតិ ត្រូវបានកងកម្លាំងសមត្ថកិច្ចជំនាញ រួមសហការបង្ក្រាបករណីរត់ពន្ធគ្រឿងញៀនឆ្លងដែនពីប្រទេសជិតខាងចូលកម្ពុជា ។
គ្រាដំបូងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានបើកការស្រាវជ្រាវស៊ើបអង្កេត ឈានទៅបើកកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើស ដឹកជញ្ជូន ជួញដូរគ្រឿងញៀន(ឆ្លងដែនពីឡាវ មកកម្ពុជា)ដែលជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញបាន ឃាត់មនុស្សចំនួន៦នាក់រួមមានជនជាតិថៃ ៥នាក់ ស្រី១នាក់ និងបុរសជនជាតិឡាវម្នាក់ ។
ជនសង្ស័យទាំង៦នាក់ខាងលើ ទី១- ឈ្មោះ Witsanu Saiboot ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១០.០១.១៩៧០ កាន់លិខិតឆ្លងដែនលេខ: AC6068149 ទីកន្លែងកំណើត ខេត្តសូរិន្ទ ប្រទេសថៃ។ ២- ឈ្មោះ Somsak Saethao ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត 29.Jul.2000 កាន់លិខិតឆ្លងដែនលេខ: AC5501388 ទីកន្លែងកំណើត ខេត្តឈៀងរ៉ៃ ប្រទេសថៃ។ ៣-ឈ្មោះ Tong Thor ភេទប្រុស ជនជាតិឡាវ ថ្ងៃខែឆ្នាំកំណើត ២០.០៦.១៩៩៥ កាន់លិខិតឆ្លងដែនលេខ: P1859764 ទីកន្លែងកំណើត ខេត្តបកែវ ប្រទេសឡាវ។
៤- ឈ្មោះ Chaloemkun Wonghiranye ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត 01.11.1952 កាន់លិខិតឆ្លងដែនលេខ: AC6996618 ទីកន្លែងកំណើត ខេត្តឈៀងរ៉ៃ ប្រទេសថៃ។ ៥- ឈ្មោះ Nichakan Kueaoangkun ភេទស្រី ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត 20.02.1993 កាន់លិខិតឆ្លងដែនលេខ: AC7136620 ទីកន្លែងកំណើត ខេត្តTak ប្រទេសថៃ។ ៦- ឈ្មោះ Thanawat Wonghiranya ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត 01.01.1982 កាន់លិខិតឆ្លងដែនលេខ: AC4129955 ទីកន្លែងកំណើត ខេត្តឈៀងរ៉ៃ ប្រទេសថៃ។គ្រានោះដែរកម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមានរថយន្តចំនួន២គ្រឿង គ្រឿងញៀនចំនួន ៥បាវ (មិនទាន់ថ្លឹង)ទូរសព្ទ ៦គ្រឿង។
ប្រភពដដែលដោយផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត នៅវេលាម៉ោង ១៩ និង៥០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅភូមិសាស្ត្រខេត្តព្រះសីហនុ ចំណុចការ៉ាសសាំង Sokimex ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងជំនាញឈានទៅបង្ក្រាបជាក់ស្តែង តាមនីតិវិធីក៏បានឃាត់ខ្លួនជនសង្ស័យបុរសជនជាតិចិន ចំនួន ០២នាក់ បន្ថែមទៀត ព្រមទាំងវត្ថុតាងរថយន្តចំនួន ០២គ្រឿង ទូរសព្ទដៃផងដែរ។
បន្ទាប់ប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មដឹកជញ្ជូនជួញដូរគ្រឿងញៀន(ឆ្លងដែនពីឡាវ មកកម្ពុជា)កម្លាំងជំនាញរួមសហការបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៨ នាក់ មាន៣សញ្ជាតិ ក្នុងនោះ(ថៃ៥ ឡាវ១ ចិន២)។ តាមប្រភពព័ត៌មានពីរសមត្ថកិច្ចម្នាក់ក្នុងប្រតិបត្តិការខាងលើ បានបង្ហើបថានេះជាលើកទី ១ ហើយដែលកម្លាំងជំនាញបង្ក្រាប បាននូវជ័រអាភៀន ។
ប្រភពដដែលថាជ័រអាភៀននោះក្នុងមួយគីឡូក្រាម ប្រសិនបើក្រុមឧក្រិដ្ឋជនយកទៅផលិតជាគ្រឿងញៀនសំយោគ ដូចជា(គ្រឿងញៀន ដែលគេនិយមហៅថា យ៉ាម៉ាម៉ាទឹកកក យ៉ាម៉ាគ្រាប់ ឬថ្នាំញៀនផ្សេងទៀត )គឺអាចផលិត បានចន្លោះពី៤ទៅ៥គីឡូក្រាមឯណោះ ។ កម្លាំងសមត្ថកិច្ចជំនាញកំពុងដំណើរការបន្តនីតិវិធីតាមផ្លូវច្បាប់៕