ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យគម្រោងសាងសង់សំណង់ស្ទាក់ទឹក គម្រោងស្តារប្រឡាយ ស្តារអូរ និងគម្រោងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម បានចុះពិនិត្យគម្រោងជួសជុលទំនប់អាងទឹកអ្នកតាធំ និងគម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត ស្ថិតក្នុងខេត្តពោធិ៍សាត់។
សូមជម្រាបថា គម្រោងជួសជុលទំនប់អាងទឹកអ្នកតាធំ រួមមាន៖ ជួសជុលទំនប់ប្រវែង ១ ៥០០ម៉ែត្រ សាងសង់សំណង់ទ្វារទឹក (ទ្វារ៤)ចំនួន ១កន្លែង សាងសង់សំណង់បង្ហៀរប្រវែង ៩០ម៉ែត្រ ចំនួន១កន្លែង និងសំណង់លូជ្រុងចំនួន ១កន្លែង លទ្ធផលសម្រេចបានប្រមាណ ២០%។ គម្រោងជួសជុលទំនប់អាងទឹកនេះ ក្នុងគោលបំណងដើម្បីស្ទាក់ទឹកពីផ្ទៃរង ទឹកភ្លៀងតាមជួរភ្នំក្រវាញ មកស្តុកទុកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងសម្រាប់ប្រើប្រាស់ប្រចាំ ថ្ងៃនៅក្នុងឃុំអន្សាចំបក់ ភ្លឺខ្នងទំនប់ដែលសាងសង់រួចជាផ្លូវគមនាគមន៍សម្រាប់ធ្វើដំណើរក្នុងមូលដ្ឋាន។ ទំនប់អាងទឹក អ្នកតាធំ មានលទ្ធភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលដំណាំកសិកម្មស្រូវវស្សាចំនួន ១ ៩១៧ហត ស្រូវប្រាំង ចំនួន ៣៤៣ហត និងដំណាំរួមផ្សំមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ២ ៨៣៩គ្រួសារ ក្នុងភូមិចំនួន៧ នៃឃុំអន្សាចំបក់ ស្រុកក្រគរ នៅពេលគម្រោងនេះបានបញ្ចប់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែតចំនួន១កន្លែង នៅលើដងស្ទឹងពោធិ៍សាត់ មានបណ្តោយសំណង់ បេតុងប្រវែង៤៣,៥ម ទទឹងសំណង់ប្រវែង៦៣,៧៥ម មានទ្វារទឹកធំចំនួន៧ទ្វារ និងទ្វារទឹកតូចចំនួន៣ទ្វារ ធ្វើជាស្ពាន គមនាគមន៍ឆ្លងកាត់។ ក្នុងឆ្នាំ២០២៥ គម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែតនេះទំហំការងារត្រូវអនុវត្តគឺ ប្រហែល៤៥% តែប៉ុណ្ណោះនៃគម្រោងទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត មានលទ្ធភាពស្រោចស្រពលើផ្ទៃដី បង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១ ៣៨៥ហត ស្រូវប្រាំងលើកទី១ចំនួន ៥៩៥ហត ស្រូវប្រាំងលើកទី២ចំនួន ៥៩៥ហត និងដំណាំរួមផ្សំចំនួន ៩០ហត សម្រាប់បម្រើឱ្យប្រជាពលរដ្ឋចំនួន១៤ភូមិ នៃឃុំកញ្ជារ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅពេលគម្រោងនេះបានបញ្ចប់។
ក្នុងងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវយកចិត្តទុកដាក់លើការងារក្នុងស្តារប្រឡាយ ការងារជួសជុលទំនប់ និងការងារសាងសង់សំណង់បេតុងឱ្យមានគុណភាព សោភ័ណភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង