ឃ្លាំងស្តុកទំនិញ (ស្ព្រាយបាញ់សក់ គ្រឿងសាឡន) មួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ គ្រោះអគ្គិភ័យនេះ គឺងាប់តែសត្វឆ្កែ០២ក្បាល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឃ្លាំងស្តុកទំនិញ (ស្ព្រាយបាញ់សក់ គ្រឿងសាឡន) មួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សូឡា ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យមានការខូចខាតទំនិញ និងសម្ភារៈជាច្រើន និងងាប់សត្វឆ្កែ(សុខន) ០២ក្បាល ក្នុងទ្រុង ផ្អើលឡានទឹករាប់សិបគ្រឿង ទៅជួយបាញ់ទឹកពន្លត់ ។

មុនដំបូង គេបានឮសំឡេងផ្ទុះចេញពីខាងក្រោយ អាគារខុនដូមួយកន្លែង នៅក្បែរនោះ ហើយក៏មានផ្សែងលាយឡំអណ្តាតភ្លើងក្រហមច្រានថែមទៀតផង ភ្លាមៗនោះ គេបានឃើញក្រុមសន្តិសុខយាមឃ្លាំងស្តុកទំនិញគ្រឿងសាឡន រត់ទៅយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ តែមិនអាចទប់ស្កាត់ជាមួយផ្សែង និងអណ្តាតភ្លើងបាន ទើបបណ្តាលឲ្យភ្លើងឆេះកាន់តែសន្ធោសន្ធៅខ្លាំងឡើង ។

ក្រុមសន្តិសុខយាមឃ្លាំង និងប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានទូរសទ្ទខ្វាត់ខ្វែងទាក់ទងទៅសមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ មកជួយអន្តរាគមន៍ និងទប់ស្កាត់កុំឲ្យភ្លើងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ។
ក្រោយពីទទួលបានព័ត៌មានឆេះឃ្លាំងស្តុកទំនិញគ្រឿងសាឡន “ស្ព្រាយបាញ់សក់” នោះភ្លាម និងទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប, រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប និងរថយន្តបុរី ប៉េង ហ៊ួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប ។
ដោយឡែកចំពោះប្រភេទឃ្លាំងខាងលើនេះ គឺជាប្រភេទ ដែកប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ២០ម៉ែត្រ) ឆេះរោងដែកប្រក់ស័ង្កសី ចំនួន០៣បន្ទប់ ទំហំ (៣ម៉ែត្រ x ២០ម៉ែត្រ) អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៣និង០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការផ្ទុះកំប៉ុងសាប្រៃបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺងាប់តែសត្វឆ្កែ០២ក្បាល ប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង