ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៌ រួមគ្នាបង្ហាញក្តីស្រឡាញ់សម្រាប់កុមារ និងប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ដើម្បីរួមគ្នាបង្ហាញក្ដីស្រឡាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌ ដើម្បីប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។
សូមជម្រាបថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដើម្បីក្តីស្រឡាញ់សម្រាប់កុមារនាពេលនេះ រៀបចំឡើងដោយក្រុមហ៊ុនលីហួរគ្រុប និងក្រុមហ៊ុនមួយចំនួនទៀត បានចាប់ផ្តើមនៅវេលាម៉ោង ៥ និង ៣០នាទីព្រឹក នៅលើវិថីលោកអ្នកឧកញ៉ាលីហួរ ក្នុងបុរីវិមានភ្នំពេញ រាជធានីភ្នំពេញ ដោយមានអ្នកចុះឈ្មោះចូលរួមប្រមាណជាង ២ពាន់នាក់។
ថ្លែងក្នុងឱកាសបើកកម្មវិធីរត់មារ៉ាតុង ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៌នេះមានការគាំទ្រយ៉ាងច្រើនកុះករពីសាធារណជនទូទៅទាំងក្មេងទាំងចាស់ ដើម្បីសង្គម និងសុខភាពទាំងអស់គ្នា ហើយអ្នកចូលរួមទាំងអស់បានរួមគ្នាបរិច្ចាគថវិកាប្រកបដោយក្តីសប្បាយរីករាយជាមួយទឹកចិត្តដ៏ស្មោះសរ។
សូមបញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងបានផ្តល់ឱកាសដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ក្នុងការជួបជុំលេងកីឡា ដើម្បីសុខភាព និងបង្កើនទំនាក់ទំនងក្នុងសង្គម ព្រមទាំងចូលរួមកម្មវិធីដើម្បីសប្បុរសធម៌ផងដែរ ស្របនឹងពាក្យស្លោកដែលថា «កីឡារស់ក្នុងសន្ដិភាព»៕

អត្ថបទដែលជាប់ទាក់ទង