ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារត្រួតពិនិត្យកិច្ចលទ្ធកម្ម និងហិរញ្ញវត្ថុ ដើម្បីគាំទ្រការអនុវត្តគម្រោងសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងរបស់ក្រសួង ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារត្រួតពិនិត្យកិច្ចលទ្ធកម្ម និងហិរញ្ញវត្ថុ និងការងារពាក់ព័ន្ធមួយចំនួន សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានារវាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
សូមជម្រាបថា វគ្គបណ្ដុះបណ្តាលដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលនេះ បានប្រព្រឹត្តទៅនៅសណ្ឋារគារសាន់អែន&មូន ដោយមានការអញ្ជើញចូលពីសំណាក់ លោក លោកស្រីជាតំណាងគ្រប់ក្រសួងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប៕