ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយករណីគម្រោងសាងសង់ទំនប់ការពារទឹកប្រៃចំការលើ ក្នុងភូមិសាស្ត្រខេត្តកោះកុង
នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចូលរួមក្នុងកិច្ចប្រជុំដើម្បីពិភាក្សាដោះស្រាយករណីគម្រោងសាងសង់ទំនប់ការពារទឹកប្រៃចំការលើ ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង រដ្ឋបាលស្រុកបូទុមសាគរ រដ្ឋបាលឃុំថ្មស តំណាងមន្ទីរបរិស្ថាន និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា អង្គប្រជុំបានគាំទ្រលើការសាងសង់ទំនប់ការពារទឹកប្រៃនេះ និងបានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ពិគ្រោះយោបល់គ្នាបន្ថែមជាមុនសិន មុននឹងចាប់ផ្តើមបន្តសាងសង់។ ជាមួយគ្នានេះអង្គប្រជុំបានសម្រេចប្រគល់ភារកិច្ចជូនរដ្ឋបាលឃុំថ្មស លើកសំណើមករដ្ឋបាលស្រុកបូទុមសាគរ ដើម្បីសុំមករដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ដើម្បីបានបន្តសាងសង់ទំនប់ការពារទឹកប្រៃចំការលើ។
សូមបញ្ជាក់ថា ទំនប់ការពារទឹកប្រៃចំការលើនេះ ជាទំនប់ចាស់តាំងពីឆ្នាំ១៩៦៨ ហើយត្រូវបានអាជ្ញាធរឃុំថ្មស និងប្រជាពលរដ្ឋ ស្នើសុំកាលពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែទើបទទួលបានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥។ ទំនប់ការពារទឹកប្រៃនេះ មានប្រវែងសរុប ១០គីឡូម៉ែត្រ សម្រាប់ការពារទឹកសមុទ្រមិនឱ្យជោរលិចដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងជាទំនប់ស្ទាក់ទឹកសាបទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ខណៈខ្នងទំនប់ដើរតួនាទីយ៉ាងសំខាន់ជាផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ និងដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ៕