រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSY រដ្ឋមន្ត្រីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ទី២០ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីតូហ្គោ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSY នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួន ផងដែរ។
ដំណើរទស្សនកិច្ចនេះ កើតមានឡើងចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការ បង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតូហ្គោ។ វាជាឱកាសល្អ សម្រាប់ប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីវិស័យនានា ដែលមានសក្តានុពលសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ៕