ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យសិក្សា២៥ ចំនួន១២៥០នាក់ ក្នុងនោះទីប្រឹក្សា៥០នាក់ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានសាខាកាកបាទក្រហមខេតកំពុងស្ពឺ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីមានប្រសាសន៍ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃ បណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង១៦លាននាក់ នៅទូទាំងសកលលោក និងត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ។
កាកបាទក្រហមកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០នោះ បានបាត់បង់កម្លាំងយុវជន កាកបាទក្រហមកម្ពុជាក្នុងរបបប៉ុលពត។ ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញ នូវកម្លាំងយុវជន កាកបាទក្រហមកម្ពុជា គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមានតែមួយគត់ឡើងវិញ នៅក្នុងប្រទេស។

អត្ថបទដែលជាប់ទាក់ទង