ឯកឧត្តម ម៉េង ហុង ៖ សមាជិក ប.ស.ស. អាចស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមរយៈកម្មវិធីទូរស័ព្ទ NSSF member បានចាប់ពីថ្ងៃនេះតទៅ
ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចប្រកាសដាក់ដំណើការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញ ដែលសមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនលើផ្នែកថែទាំសុខភាពដែលរួមមានៈ ប្រាក់បំណាច់ប្រចាំថ្ងៃ៧០% ក្នុងអំឡុងពេលសម្រាកមាតុភាព សម្រាកព្យាបាលជំងឺ និងសង្រ្គោះបន្ទាន់ បានតាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member app ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។
ការប្រកាសឡើងនេះ ក្នុងឱកាសដែលឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីត្រួតពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមរបស់នាយកដ្ឋានជំនាញ និងគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាខេត្ត-ខណ្ឌ ដោយផ្ទាល់ និងតាមរយៈ Zoom meeting សរុបប្រមាណជា ៤០០រូប នៅសាលប្រជុំមេត្តា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងឱកាសជាមួយគ្នា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានជំរុញដល់សមាជិក ប.ស.ស. ទាំងអស់ព្យាយាមប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលបានដាក់ចេញ និងគ្រប់អង្គភាពក្រោមឱវាទ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង្កើន និងពង្រីកបន្ថែមចំពោះការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអាចសម្រួលដល់កម្លាំងនៃធនធានមនុស្ស និងបង្កជាលក្ខណៈងាយស្រួល ឆាប់រហ័សដល់សមាជិក ប.ស.ស. ក៏ដូចជាប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនផ្ទាល់ផងដែរ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តល់អនុសាសន៍លើកទឹកចិត្ត និងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ក្រោមឱវាទទាំងអស់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តការងារឱ្យកាន់ ឆាប់រហ័សទាន់ពេលវេលា ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ លើការផ្ដល់សេវាដល់សមាជិក ប.ស.ស. គ្រប់ៗរូប ៕