ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញធ្វើបទបាឋកថាស្តីពី “ការគ្រប់គ្រងអាងទន្លេ និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក” នៅសកលវិទ្យាល័យន័រតុន
នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ និងឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញធ្វើបទបាឋកថាស្តីពី “ការគ្រប់គ្រងអាងទន្លេ និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក” នៅសកលវិទ្យាល័យន័រតុន ដោយមានការចូលរួមពីសមាជិក-សមាជិកានៃលេខាធិការដ្ឋាន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្ស និស្សិតនៃសកលវិទ្យាល័យន័រតុន សរុបចំនួន ២៥០នាក់។
គោលបំណងនៃបទបាឋកថានេះ គឺដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងបន្ថែមពីលើការសិក្សាទ្រឹស្តី តាមរយៈការផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងស្តីពីការគ្រប់គ្រងអាងទន្លេ ការគ្រប់គ្រងធនធានទឹក ការប្រើប្រាស់ទឹក និងការការពារប្រភពទឹកក្នុងក្របខ័ណ្ឌអាង ស្ទឹង ទន្លេ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍អំពីសារៈសំខាន់វិស័យធនធានទឹកសម្រាប់ពហុវិស័យ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ជាពិសេស ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលបាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត ជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយដែលទាមទារឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការឱ្យបានកាន់តែមានប្រសិទ្ធភាព៕
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានសំណូមពរដល់សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សនិស្សិតនៃសកលវិទ្យាល័យន័រតុន ត្រូវចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយ ការសិក្សាស្វែងយល់ និងពង្រឹងការយល់ដឹងស្តីពីការគ្រប់គ្រងអាង ស្ទឹង ទន្លេ និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ដើម្បីគាំទ្រ និងលើកកម្ពស់វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា៕