គណៈប្រតិភូសហរដ្ឋអាម៉េរិកសម្តែងនូវការសាទរ ចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន

តបតាមសំណើរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិកដែលដឹកនាំដោយលោក Brett Horton នាយកខុទ្ទកាល័យរបស់សមាជិកសភា Steve Scalise ប្រធានក្រុមសម្លេងភាគច្រើនក្នុងរដ្ឋសភាអាម៉េរិក (Majority Leader of the U.S. House of Representative) នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍គណៈប្រតិភូដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាយល់បន្ថែមពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សាវតារនៃការរៀបចំគោលនយោបាយទាក់ទាញការវិនិយោគឯកជន, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, និងប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីវឌ្ឍនភាពនៃការវិនិយោគជារួមនៅកម្ពុជា និងបានកត់សម្គាល់ពីទំហំនៃការវិនិយោគរបស់អាម៉េរិកនៅកម្ពុជាដែលនៅមានកម្រិតនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀត។ យ៉ាងណាមិញ អាម៉េរិកនៅតែជាទីផ្សារដ៏ធំសម្រាប់កម្ពុជាធ្វើការនាំចេញ។ ឯកឧត្តមអគ្គលេខាធិការក៏បានស្នើលោក Brett Horton និងប្រតិភូអមជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនអាម៉េរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
ជាការឆ្លើយតប លោក Brett Horton បានសម្តែងនូវការសាទរចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន។
អង្គប្រជុំក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរអំពីការជំរុញទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង