ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកចិន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដៃគូយូរអង្វែង ជាពិសេសក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីចូលរួមការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការគាំទ្រយ៉ាងពេញទំហឹងលើវិស័យផ្សេងៗ រួមទាំងវិស័យធនធានទឹក ដោយមិនមានលក្ខខណ្ឌស្មុគស្មាញ ហើយដែលកិច្ចសហប្រតិបត្តិការនេះបានជួយដល់វឌ្ឍនភាពរបស់កម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូផងដែរ អំពីបេសកកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការធានានូវសន្តិសុខទឹក ការអភិវឌ្ឍ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់ពហុវិស័យ ជាពិសេស ការអភិវឌ្ឍនិងថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីទ្រទ្រង់ផលិតភាពកសិកម្ម ការពង្រឹងប្រព័ន្ធព្យាករណ៍អាកាសធាតុនិងការការពារទឹកជំនន់ និងការពង្រឹងអភិបាលកិច្ចទឹកនិងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍កម្ពុជា-ចិននៃអនាគតរួមគ្នាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ភាគីចិន ដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការមួយចំនួនដូចជា៖ ទី១)ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យមានភាពពេញលេញ ទី២)ការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនការគ្រប់គ្រងធនធានទឹក ទី៣)ការពង្រីកបណ្តាញធារាសាស្ត្រ និងឧតុនិយម ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ និងទី៤)ការស្រាវជ្រាវរួមគ្នា និងការច្នៃប្រឌិតក្នុងការអភិរក្សទឹក និងធានាភាពធន់នឹងអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង