ឆ្លៀតពេលទំនេរចុងសប្ដាហ៍ មន្ត្រីម្នាក់បំរើការនៅសាលាក្រុងបាត់ដំបង បានជិះម៉ូតូដើរកំសាន្ត តែបែរជារពឹសដៃ ចូលលួចលុយនិងទូរស័ព្ទ នៅក្នុងផ្ទះគេ
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នំា២០២៥នេះ ឆ្លៀតពេលទំនេរចុងសប្ដាហ៍ មន្ត្រីម្នាក់បំរើការនៅសាលាក្រុងបាត់ដំបង បានជិះម៉ូតូដើរកំសាន្ត តែបែរជារពឹសដៃ ចូលលួចលុយនិងទូរស័ព្ទដៃនៅក្នុងផ្ទះគេ នៅចំណុចភូមិប្ញស្សីព្រះ ស្រុកគាស់ក្រឡ ។
ជនសង្ស័យឈ្មោះ ចាត បូរី ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ ជាមន្ត្រីសាលាក្រុងបាត់ដំបង និងរស់នៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ដោយឡែក ជនរងគ្រោះក្នុងសំណុំរឿងនេះឈ្មោះ អ្នក ង៉ូយ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។
បើតាមចម្លើយបឋមរបស់ជនរងគ្រោះដែលបានប្ដឹងទៅកម្លាំងអធិការស្រុកគាស់ក្រឡ ជនរងគ្រោះបាននិយាយថា គាត់មិនបានស្គាល់មុខជនសង្ស័យទេ តែជននោះបានចូលលួចលុយនៅក្នុងផ្ទះគាត់ យកអស់ចំនួន៥០ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន០២គ្រឿង ។ ក្រោយលួចបានលុយ និងទូរស័ព្ទ ជននេះបានជិះម៉ូតូគែចខ្លួនបាត់ ។
ក្រោយពីទទូលបណ្ដឹងជនរងគ្រោះភ្លាម កម្លាំងជំនាញក៏បានចេញអន្តរាគមន៍តាមស្វែងជនសង្ស័យ ដែលជាមន្ត្រីដាច់យ៉ៃនោះ លុះបន្តិចក្រោយមក ក៏ស្ទាក់ក្របួចកលោកមន្ត្រីចោរនោះជាប់ភ្លាមៗដែរ ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតវ្ថុតាងបានរួមមាន៖ លុយចំនួន៥៨៣០០០រៀល ទូរស័ព្ទចំនួន០៣គ្រឿង និងម៉ូតូម៉ាកស៊ូមើអិច០១គ្រឿង ។
ជុំវិញអំពើលួចដែលព្រឹត្តដោយជនសង្ស័យឈ្មោះ ចាត បូរី ជាមន្ត្រីសាលាក្រុងបាត់ដំបងនេះ លោកឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់កោះសន្តិភាពថា លោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៧ មីនា នេះហើយ ក្រោយបញ្ចប់ការសួរនាំ ៕