ក្រសួងបរិស្ថាន សហប្រតិបត្តិការជាមួយ TotalEnergies ដើម្បីកាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TotalEnergies ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកកាត់បន្ថយការបំភាយឧស្ម័ន ការវិនិយោគលើថាមពលកកើតឡើងវិញ ឈានឆ្ពោះទៅសម្រេចបានប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន TotalEnergies និងដៃគូវិនិយោគជាច្រើនទៀត ដែលមានបំណងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងបរិស្ថានជាមួយវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។
ស្របនឹងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រុមហ៊ុន TotalEnergies បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍន៍ដោយចីរភាព និងសុខដុមភាពបរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង