ស្ត្រីម្នាក់ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានប្រទះឃើញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅចំណុច ច្រកបាក់ដាវ ជើងភ្នំនាងកង្រី ដែលមានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីភ្នំសំរង ក្នុងឃុំពោធិ៍
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយការខិតខំរបស់អាជ្ញាធរឃុំ កងកម្លាំង ប្រជាការពារ រួមនឹងប្រជាពលរដ្ឋ ។
ទីតាំងដែលបានរកឃើញស.ពស្ត្រីរងគ្រោះ គឺនៅចំណុច ច្រកបាក់ដាវ ជើងភ្នំនាងកង្រី ដែលមានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីភ្នំសំរង ក្នុងឃុំពោធិ៍ ដែលជាកន្លែងស្ត្រីរងគ្រោះបានបាត់ខ្លួននៅទីនោះ។ ស.ពស្ត្រីរងគ្រោះ ត្រូវបានភ្លើងឆេះខ្លោច សល់តែគ្រោងឆ្អឹង ។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ឯក ឡូត អាយុ៤៣ឆ្នាំ មានប្តី និងមានកូន ៤នាក់ មានទីលំនៅឃុំពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង។ បានបាត់ខ្លួនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីបាត់ខ្លួន ប្រជាពលរដ្ឋ និងប្រជាការពារ ដឹកនាំដោយអាជ្ញាធរភូមិ-ឃុំ បានដាក់កម្លាំងរុករកជាច្រើនលើកច្រើនសារ ជាពិសេសរកនៅចំណុចភ្នំសំរង ដោយបានប្រើកម្លាំងមនុស្សរាប់សិបនាក់ ស្វែងរកស្ត្រីរងគ្រោះពុំ ដែលបានប្រទះឃើញឡើយ ។
លោក ប៊ុត សប្បាយ មេឃុំពោធិ៍ នៃស្រុកកំពង់លែង បានបញ្ជាក់ថា ស.ពស្ត្រីរងគ្រោះ ត្រូវបានរកឃើញនៅក្រោមដើមឈើ ដែលស.ពមានសភាពសល់តែគ្រោងឆ្អឹង ដោយត្រូវភ្លើងឆេះបន្ថែម ដែលតាមការសន្និដ្ឋានរបស់លោក ស្ត្រីរងគ្រោះបានដេកស្លា.ប់ បន្ទាប់ពីហើមរលួយ ហើយទ្រមទៅវិញ ហើយក៏ត្រូវភ្លើងឆេះព្រៃ ឆេះស.ពបន្ថែម ទើបនៅសល់តែគ្រោងឆ្អឹង ។
លោកបានបញ្ជាក់ដែរថា សមត្ថកិច្ចនគរបាលស្រុកកំពង់លែង ក៏បានចុះពិនិត្យធ្វើកោសល្យវិច័យ និងសន្និដ្ឋានថា ស្ត្រីរងគ្រោះបានស្លា.ប់ ដោយខ្លួនឯង ហើយបានប្រគល់ស.ពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
លោកមេឃុំពោធិ៍ បានបញ្ជាក់ទៀតថា ដោយមិនអស់ចិត្ត នឹងការបាត់ខ្លួនស្ត្រីខាងលើ ហើយរកមិនឃើញសោះនោះ ទើបនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ លោកបានដឹកនាំកម្លាំងប្រជាការពារ ប្រជាពលរដ្ឋ រុករកនៅចំណុចជើងភ្នំកង្រី ជាថ្មីម្ដងទៀត ទើបបានប្រទះឃើញស.ពស្ត្រីរងគ្រោះ តែម្ដង ។
ដោយឡែក លោក ហម ប៊ុនឈឿន អាយុ៤១ឆ្នាំ ដែលត្រូវជាប្ដីរបស់ស្ត្រីរងគ្រោះ បានប្រាប់សារព័ត៌មាន ទាំងក្តីសោកសង្រេងតាមទូរស័ព្ទថា កន្លងមក ប្រពន្ធគាត់ ធ្លាប់បាត់ខ្លួនជាច្រើនលើកណាស់មកហើយ ដោយសារតែមានបារមីគ្រូកាន់ ពេលបាត់ខ្លួនម្ដងៗ មានរយៈពេល១ ឬ២ខែ ទើបឃើញត្រឡប់មកវិញ។ ប៉ុន្តែការបាត់លើកនេះ ទោះបីអាជ្ញាធរឃុំ និងភូមិ ប្រជាពលរដ្ឋ ជួយរុករកជាច្រើនលើកយ៉ាងណាក្តី នៅតែរកមិនឃើញ។ ការបាត់ខ្លួនរបស់ប្រពន្ធគាត់ ភាគច្រើន នៅថ្ងៃសីល ឬថ្ងៃពេញបូរមី ម្ល៉ោះហើយ គាត់តែងតែចាប់ប្រពន្ធគាត់ ដាក់ច្រវ៉ាក់ជើងរៀងរាល់ថ្ងៃសីល និងខែពេញបរមី ប៉ុន្តែការបាត់ខ្លួនរបស់ប្រពន្ធលើកចុងក្រោយនេះ ហាក់បានបាត់ជារៀងរហូត គ្មានថ្ងៃវិលត្រឡប់មកវិញឡើយ៕