លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ម្ចាស់ផេក ” Bun Park” មិនចូលខ្លួនតាមសាររបស់សមត្ថកិច្ច គឺនគរបាលយុត្តិធម៌ មានជម្រើសកោះហៅ ឬសូមដីកាបញ្ជាឱ្យចូលខ្លួនពីព្រះរាជអាជ្ញា !

ភ្នំពេញ ៖ ម្ចាស់ផេក ” Bun Park” មិនទាន់ចូលខ្លួន មកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព ” ! អាចមន្ត្រីនគរបាលយុត្តិធម៌ ធ្វើតាមនីតិវិធី។
សូមបញ្ជាក់បន្ថែមផងដែរថា នៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃខែឆ្នាំដដែល លោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានតាមប្រព័ន្ធ Telegram មកវិញថា ម្ចាស់ផេក ” Bun Park” មិនទាន់ចូលខ្លួន មកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព ” ! ទី១ ៖ អ្វីដែលលោកស្នងការនគរបាលរាជធានីភ្នំពេញ ផ្ញើសារឱ្យសមីខ្លួន ចូលខ្លួនមកកាន់ការិយាល័យរបស់សមត្ថកិច្ច ដើម្បីពន្យល់ ខ្ញុំចាត់ទុកថា គាត់ឲ្យតម្លៃទៅលើបុគ្គល លើកកម្ពស់ ក្នុងសិទ្ធិបញ្ចេញមតិយោបល់ ជាសាធារណៈ ។
ទីពីរ ៖ មានន័យថា គាត់បានផ្ដល់ពេលវេលាឲ្យបុគ្គលដែលបានបង្ហាញនូវសារ បង្ហាញនូវទស្សនៈ ដែលនាំឲ្យមហាជនកំពុងតែមានការ ងើយឆ្ងល់ទាំងអស់នេះ មកធ្វើការបកស្រាយ និងការពារ ខ្លឹមសាររបស់ខ្លួន ។
នេះគឺជារឿងសំខាន់មួយ ។ លោកបណ្ឌិតបន្តថា សំណួរដែលសួរថាប្រសិនបើ គាត់មិនព្រមចូលខ្លួនតាមសារជាចំហរបែបហ្នឹង ថាតើនីតិវិធី ឬសិទ្ធិអំណាចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជានគបាលមន្ត្រីនគរបាលយុត្តិធម៌ដទៃទៀត អាចធ្វើអ្វីបាន ? ជានីតិវិធីគឺមន្ត្រីនគរបាលយុត្តិធម៌ ត្រូវចេញលិខិតកោះហៅ ឬកោះអញ្ជើញ ឱ្យចូលខ្លួនមកបំភ្លឺចំពោះ សារដែលខ្លួនបានផ្សព្វផ្សាយជាសាធារណៈ ។ លោកបណ្ឌិតអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃបានបន្តថា, ប្រសិនបើគាត់មិនចូលខ្លួន ក្នុងនឹងមន្ត្រីនគរបាលយុត្តិធម៌គាត់មានជម្រើសពីរ ក្នុងការសម្រេចចិត្តទៅតាមស្ថានភាពជាក់ស្ដែង ជាពិសេសយោងទៅតាមខ្លឹមសារ ដែលផ្សព្វផ្សាយជាសាធារណៈនោះ ពោលគឺលោកអាច ចេញលិខិតកោះហៅ ឬកោះអញ្ជើញ ជាលើកទីពីរ ម្ដងទៀតឱ្យចូលខ្លួនមកបំភ្លឺ មកពន្យល់ មកការពារខ្លួននៅចំពោះមុខសមត្ថកិច្ច ។ ហើយប្រសិនបើសមត្ថកិច្ចលោកទទួលយកបាននូវការ ការពន្យល់ ការអត្ថាធិប្បាយ ការការពារខ្លួន ប្រកបដោយ ទឡ្ហករណ៍ ភស្តុតាង ផ្សេងៗ នោះសមត្ថកិច្ចលោកអាច ពិចារណាឱ្យបុគ្គលនោះត្រឡប់ទៅវិញ ឬធ្វើកិច្ចសន្យាណាមួយឱ្យ ផ្សព្វផ្សាយនូវសារនានាណា លើបណ្ដាញសង្គម ឬជាសាធារណៈ ច្បាស់លាស់ ជាក់លាក់ កុំឱ្យគេបកស្រាយបាន កុំឱ្យគេមានការភាន់ច្រឡំផ្សេងៗ។
លោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា , ជម្រើសមួយទៀត គឺប្រសិនបើជាដាក់លិខិតកោះហៅ លើកទីមួយមិនចូល លើកទីពីរ មន្ត្រីនគរបាលយុត្តិធម៌គឺ មិនចាំបាច់ចេញលិខិតកោះហៅ កោះអញ្ជើញលើកទីពីរ ក៏បានដែរ។ ពោលគឺ លោកធ្វើរបាយការណ៍ឲ្យជាក់លាក់មួយទៅកាន់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំ ដីកាបញ្ជាឲ្យចូលខ្លួន ។
លោកបណ្ឌិតបញ្ជាក់ថា, ប្រសិនបើព្រះរាជអាជ្ញាគាត់ពិនិត្យទៅលើរបាយការណ៍របស់មន្ត្រីនគបាលយុត្តិធម៌ថាមាន សមថាមានអំពើខុសឆ្គង ថាអាចនាំខ្លួនបុគ្គលនោះមក ពន្យល់ អះអាង បកស្រាយ ឱ្យមកការពារ ចំពោះមុខសមត្ថកិច្ច គឺខាងអយ្យការលោក ចេញដីកាបញ្ជាឲ្យចូលខ្លួន ។ ដីកាបញ្ជាឲ្យចូលខ្លួននេះ មានរយៈពេលកំណត់របស់វាគឺ មានរយៈពេលមួយខែចាប់ពីថ្ងៃ ចុះហត្ថលេខារបស់ព្រះរាជអាជ្ញា។
លោកបណ្ឌិតបន្តថា , ប៉ុន្តែលក្ខណៈពិសេស ត្រង់ថា នៅពេលដែលនគរបាលយុត្តិធម៌ទទួលបាន ដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាហើយ នគរបាលយុត្តិធម៌គឺមានសិទ្ធិអំណាចមួយពិសេស កាន់ដីកាហ្នឹង ទៅរកបុគ្គល ដែលមានតម្រុយនៃការសង្ស័យ ហើយនាំខ្លួនបុគ្គលនោះមកកាន់ការិយាល័យ របស់នគរបាលតែម្ដង។ មិនមែនយកដីកាទៅឲ្យបុគ្គលហ្នឹង ហើយ ឱ្យបុគ្គលហ្នឹងសម្រេចចិត្តចូលឬមិនចូល នោះទេ ! គឺនាំបុគ្គលហ្នឹងមកកាន់ការិយាល័យតែម្ដង ដោយមិនចាំបាច់ដល់ផុតត្រឹមរយៈពេលមួយខែ បែបនោះទេ ។ និយាយរួមឲ្យតែមានដីកាពីព្រះរាជអាជ្ញា មន្ត្រីនគរបាលយុត្តិធម៌ទីមួយមានសិទ្ធិ ទៅនាំខ្លួនបុគ្គលហ្នឹងតែម្ដងដោយមិនចាំបាច់ រង់ចាំរហូតដល់តែផុតរយៈពេលមួយខែនោះឡើយ។

លោកបណ្ឌិត ទូច សុឃ: បានធ្វើការពន្យល់យ៉ាងដូច្នេះថា, បើយើងពិនិត្យជាទិដ្ឋភាពរួមវិញ ប្រទេសណា ក៏ដូចប្រទេសណា ក្នុងពិភពលោកយើងហ្នឹង សូមឱ្យពិនិត្យមើលទាំងអស់ តើប្រទេសណាមួយដែលគ្មានបទល្មើសកើតឡើង ? គ្មានចោរកម្ម គ្មានអំពើប្លន់នោះ គ្មានការសម្លាប់ គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង ។ បើនិយាយពីមហាអំណាចក្មេងៗទំនើង សាហាវសាហាវជាងខ្មែររាប់សិបដង ហើយជាក្រុម ដែលគេហៅថាមានលក្ខណៈទ្រង់ទ្រាយធំៗ ជារួមខ្ញុំចង់និយាយថាក្នុងពិភពលោកនេះ អ្វីដែលគាត់បានលើកឡើងនោះវាសុទ្ធតែមាន បទល្មើសទាំងអស់ វាគ្រាន់តិចឬច្រើន តូចឬធំ តូច ខ្លាំង ខ្សោយ សាហាវ ឬមិនសាហាវ ឃោឃៅក្នុងកម្រិតណា បែបណាវាទៅតាមស្ថានភាពជាក់ស្ដែងនៃបទល្មើស។ លោកបណ្ឌិតបន្តថា, បើយើងយកពាក្យទាំងអស់នេះមកកំណត់លើ ទិដ្ឋភាពសន្តិភាព ប្រទេសមួយ គឺមិនអាចទទួលយកបានទេ ពីព្រោះវានាំឲ្យមានការយល់ច្រឡំនូវពាក្យថា សន្តិភាព ! សន្តិភាព ជាចម្បងនោះគឺសំដៅទៅលើ គ្មានសង្គ្រាម ទាំងសង្គ្រាមស៊ីវិល ទាំងសង្គ្រាមរវាងរដ្ឋនិងរដ្ឋ ឬសង្គ្រាមក្នុងតំបន់ សង្គ្រាមនៅក្នុងពិភពលោក ។ ដូច្នេះការដែលកើត នូវ ចោរកំប៉ិចកំប៉ុកអង្ករកំប៉ុង នោះវាជាបទល្មើសដែលកើតជាប្រពៃណី ក្នុងសង្គម ក្មេងទំនើងក្តី ចោរឆក់ក្តី ! បញ្ហានេះជាអត់ផុត បើយើងចាត់ទុកបញ្ហាហ្នឹង កើតឡើង យើងមិនហៅថាសន្តិភាពទេ ចឹងពិភពលោកនេះ គ្មានសន្តិភាពទេ ! មហាអំណាចនោះក៏គ្មានសន្តិភាពដែរ បស្ចិមប្រទេស អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី អាស៊ាន ឬក៏ទ្វីបផ្សេងៗដទៃទៀត ក្នុងពិភពលោកនេះគ្មានសន្តិភាពតែម្ដង បើយោងទៅតាមទស្សនៈរបស់គាត់លើកឡើងនោះ ទស្សនៈរបស់គាត់នេះហើយដែលនាំឲ្យមហាជនមានការស្រពិចស្រពិលទៅលើពាក្យ សន្តិភាព ហើយក៏នាំឲ្យប៉ះពាល់ទៅដល់ សន្តិភាព ដែលរកមកដោយ លំបាករបស់ឥស្សរជន ខ្មែរយើងដែលបានយកជីវិតទៅប្ដូរ ជាពិសេសគឺសម្ដេចអគ្គមហាសេនាធិបតី តេជោហ៊ុនសែន ! ឬក៏អ្នកចង់ញុះឲ្យមានសង្គ្រាមសារជាថ្មី តាមរយៈអំណះអំណាងថាមានចោរលួច មានចោរប្លន់ មានអំពើហឹង្សា មានក្មេងទំនើង ។ នេះជាសញ្ញាសួរ តែខ្ញុំ ! មិនចោទប្រកាន់គាត់ទេ គ្រាន់តែខ្ញុំឆ្លើយតបទៅហ្នឹង សំណួររបស់អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តដែលសួរមកកាន់ខ្ញុំ អំពីនីតិវិធី ដូចខ្ញុំមានលទ្ធភាពឆ្លើយបែបនេះ ហើយខ្ញុំក៏មានសិទ្ធិក្នុងការចូលរួម បញ្ជាក់ថា រឿងសន្តិភាព មានលក្ខណៈពីជាគោលគឺ សង្គ្រាមស៊ីវិលរវាងគ្នានឹងគ្នា សង្គ្រាមរវាងរដ្ឋមួយ និងរដ្ឋបរទេស ឬជារដ្ឋឧបសម្ព័ន្ធមិត្តយ៉ាងណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង