ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ លាង វួចឆេង ហ៊ុនណេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពឃុំពាមកោះស្នា និងបើកការដ្ឋានសាងសង់សំណង់ទ្វារទឹកព្រែកតាយី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលទទួលបានសមិទ្ធផលថ្មីនៅពេលនេះ។ ឯកឧត្ដមសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ លោកស្រី លាង វួចឆេង ហ៊ុនណេង ដែលបានចំណាយធនធានផ្ទាល់ខ្លួន និងកៀរគរសប្បុរសជនជួយសាងសង់អគារមណ្ឌលសុខភាពនេះ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចាត់ទុកថា នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជាតិ និងគាំទ្រ លើកកម្ពស់វិស័យសុខាភិបាល។ ចំពោះមណ្ឌលសុខភាព គឺជាទីតាំងដែលជួយសង្គ្រោះ អាយុជីវិតមនុស្ស ដូច្នេះត្រូវបានចាត់ទុកថា ជាការធ្វើបុណ្យដ៏ធំមួយផងដែរ។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ ពោលត្រូវទទួលទាន តិចអំបិល ស្ករ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់។ លើសពីនេះ ពិនិត្យសុខភាព ទៀងទាត់ ថ្នាំទៀតទាត់។
ឯកឧត្ដមបន្ដថា ទោះបីជាគ្រូពេទ្យ ពូកែ ឧបករណ៍ទំនើបក៏ដោយ បើមិនថែសុខភាព ពេទ្យមិនអាចជួយបានទេ ពោលបញ្ហានានាអាចដោះស្រាយបាន តែបើបញ្ហាសុខភាពធ្ងន់ធ្ងរ គឺប៉ះពាល់អាយុជីវិត។ ដោយឡែក ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកសុខាភិបាល លោកបានកោតសរសើរអ្វីដែលបានលះបង់ ជួយសង្គ្រោះជីវិតពលរដ្ឋ ដោយត្រូវចាំថា គ្មានណាបានបុណ្យជាងគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឡើយ ដូច្នេះត្រូវបំពេញតួនាទីតាម វិជ្ជជីវៈពេទ្យ និងក្រមសីលធម៌។
យោងតាមរបាយការណ៍របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា អគារមណ្ឌលសុខភាពឃុំពាមកោះស្នា កសាងដំបូងឡើង នៅឆ្នាំ១៩៩៨ ក្រោមការផ្តួចផ្តើម និងការចំណាយថវិកាផ្ទាល់របស់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង។ នៅឆ្នាំ២០២៤ លោកជំទាវ លាង វួចឆេង ហ៊ុនណង បានមើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារនោះនៅតូច និងគ្មានបន្ទប់ គ្រប់គ្រាន់សម្រាប់ផ្តល់សេវា និងបុគ្គលិកសម្រាកយាមប្រចាំការពេលយប់ លោកស្រីក៏មានបំណងចង់ពង្រីកសេវាឲ្យបានច្រើនបន្ថែមទៀត នៅក្នុងមណ្ឌលសុខភាពពាមកោះស្នា ដើម្បីជាបង្អែករបស់ប្រជាជន សម្រាប់៣ឃុំតាមមាត់ទន្លេ មានឃុំពាមកោះស្នា ឃុំព្រះអណ្តូង ឃុំខ្ពបតាងួន ដោយបានសម្រេចចិត្តសាងសង់អគារថ្មី១ខ្នង។
អគារថ្មីនេះ មានទទឹង ១៣ម៉ែត្រ បណ្តោយ១៩ម៉ែត្រ មាន៨បន្ទប់ មាន វេរ៉ង់ដាខាងមុខ សម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើង-ចុះ ព្រមទាំងបានចាក់សាប ទំហំ២,៦០ម៉ែត្រ គុណ៤,១០ម៉ែត្រ សម្រាប់ដាក់ផ្ទុះធ្វើ ពីដែកប្រក់ក្បឿង ចំនួន១ខ្នង, ឃ្លាំងដាក់សម្ភារៈ ១ខ្នង ទំហំ ៣,៦០ម៉ែត្រ គុណ៤ម៉ែត្រ, រោងដាក់ឡាន ១ខ្នងទំហំ ៥ម៉ែត្រគុណ៨,២០ម៉ែត្រ, ធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងក្លោងទ្វារ មានបំពាក់ស្លាកមណ្ឌលសុខភាពរួចជាស្រេចតែម្តង សរុបថវិកា ១៤៥,៦៧៨.៨៩ដុល្លារ។
ដោយឡែក ចំពោះសំណង់ទ្វារទឹកព្រែកតាយីដែលត្រូវបើកការដ្ឋានសាងសង់វិញ មានលទ្ធភាពស្តុកទឹកប្រមាណ៤៥០,០០០ម៉ែត្រត្រីគុណ មានប្រជាពលរដ្ឋ អ្នកទទួលផលចំនួន៤ភូមិ គឺភូមិពាមក្នុង ភូមិដីលើ ភូមិពាមក្រៅ និងភូមិទទួលរការ ស្មើនឹង ១,៦៤៥គ្រួសារ និងមានលទ្ធភាពស្រោចស្រពបន្ថែលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង ៤២២ហិចតា ដំណាំរួមផ្សំ ចំនួន ១២ហិចតា សរុបចំនួន៤៣៤ហិចតា។ ដោយមើលឃើញការលំបាកនេះ និងដើម្បីជួយសម្រួល ដល់ការលំបាករដ្ឋបាលខេត្ត បានគោរពស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សា វាយតម្លៃ ឈានទៅដល់ការបើកការដ្ឋានសាងសង់ សំណង់ទ្វាទឹកព្រែកតាយីនាថ្ងៃនេះ។
ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងអំណរគុណឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ដែលតែងតែបានគាំទ្រ និងជួយជំរុញឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារ បរិក្ខានានាគាំទ្រដល់វិស័យសុខាភិបាល ក្នុងខេត្ត និងសូមគោរពថ្លែងអំណរគុណ លោកជំទាវ លាង រួចឆេង ហ៊ុនណេង បានចំណាយធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលនៅស្រុកស្ទឹងត្រង់ដែលតាមរយៈសមិទ្ធផលថ្មី នៅមណ្ឌលសុខភាពពាមកោះស្នានាថ្ងៃនេះ ពិតជាបានរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង