រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ក្រោយអគ្គីភ័យឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសតខេត្តតាក ប្រទេសថៃ

បាងកក៖ មន្ត្រីនគរបាលស្រុកម៉ែសតបានទទួលដំណឹងថា រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ឆេះសុះសល់ត្រឹមសាកសពរថយន្តប៉ុណ្ណោះ ក្រោយអគ្គិភ័យមួយបានឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសតខេត្តតាក ប្រទេសថៃ។
មានអគ្គិភ័យឆាបកើតឡើងនៅវេលាម៉ោង៧:៣០នាទីយប់។ ដំបូងឡើយ ភ្លើងបានឆាបឆេះនៅដីចំហមួយកន្លែង ដែលហ៊ុមព័ទ្ធដោយរបងដែក ក្រោយមកក៏បានឆាបរាលដាលឆេះរថយន្ត ដែលចតទុកនៅចំណតដីឡូតិ៍ ហើយក្រោយមករថយន្តទាំងនោះបានផ្ទុះឆេះជាបន្តបន្ទាប់។
ក្នុងហេតុការណ៍នេះ រថយន្ត ពន្លត់ អគ្គិភ័យ ជា ច្រើន គ្រឿង មក ពី ស្រុកម៉ែសត និង ស្រុក ក្បែរ នោះ បានព្យាយាមជួយ ពន្លត់ ភ្លើង ដែលកំពុងឆាបឆេះយ៉ាងសន្ធោសសន្ធៅដែរតែអកុសល អណ្តាតភ្លើងខ្លាំងធ្វើឱ្យរថយន្តជាង៣០០គ្រឿងឆេះនៅសល់តែគ្រោងឆ្អឹង។
យ៉ាងណា ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលជាង២ម៉ោង ដើម្បីគ្រប់គ្រងស្ថានការ ខណៈភ្លើងបានបំផ្លិចបំផ្លាញរថយន្តជាង៣០០គ្រឿង ក្នុងចំណោមរថយន្តចតនៅក្នុងឡូត៍សរុបប្រមាណ១០០០គ្រឿង។
មន្ត្រី គយ ម្នាក់ បានបញ្ជាក់ថា រថយន្ត ទាំង អស់ នោះជារថយន្តជជុះនាំចូលពី ប្រទេស ជប៉ុននិងកំណត់សម្រាប់នាំចេញទៅ ប្រទេសភូមា។
ទោះជាយ៉ាងណា ក្រុមហ៊ុននាំចេញត្រូវបានផ្អាកប្រតិបត្តិការរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាដូចភ្លៀងរលឹមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណា ប៉ូលិស កំពុង ស៊ើបអង្កេត នៅកន្លែងកើតហេតុ ដើម្បី កំណត់ ពី មូលហេតុ នៃការឆាបឆេះនេះ៕

អត្ថបទដែលជាប់ទាក់ទង