អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចទាក់ទាញភ្ញៀវអន្តរជាតិ មកពីគ្រប់ទិសទី ដើម្បីអញ្ជើញទស្សនាប្រទេសកម្ពុជា ខណៈព្រលានយន្តហោះថ្មីនេះសម្រេច
ភ្នំពេញ ៖ ប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិតជារួមចំណែក បានជាតម្លៃ បន្ថែមសំខាន់ណាស់សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជាតម្លៃបន្ថែម សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា ។
មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំនឿជឿជាក់ថា នៅឆ្នាំ២០៣០ ខាងមុខនេះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចទាក់ទាញភ្ញៀវអន្តរជាតិ មកពីគ្រប់ទិសទី ដើម្បីអញ្ជើញទស្សនាប្រទេសកម្ពុជាខណៈព្រលានយន្តហោះថ្មីនេះសម្រេច ការសាងសង់ ប្រមាណជាង៩៥% នឹងគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ ។
ឯកឧត្តម បានបន្តថា បើនិយាយដល់ភ្ញៀវទេសចរ គឺមិនអាចកាត់ផ្តាច់បាន ពីការធ្វើដំណើរតាមផ្លូវអាកាស ព្រោះថា បើទេសចរជាតិរបស់យើងអាចធ្វើដំណើរបានក្នុងស្រុកតាមគ្រប់មធ្យោបាយ ដូចជាផ្លូវទឹកផ្លូវគោកជាដើម ប៉ុន្តែភ្ញៀវអន្តរជាតិ ដែលចូលមកប្រទេសកម្ពុជា ត្រូវការមកតាមយន្តហោះនាវាផ្លូវទឹក និងតាមផ្លូវគោកក្នុងនោះ ដែលមានលក្ខណៈងាយស្រួលបំផុត គឺតាមផ្លូវអាកាស ដូច្នេះការបង្កើតគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនេះឡើងលំដាប់ 4F ដែល អាចអនុញ្ញាតឲ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 នឹងអាច ទទួល អ្នក ដំណើរ បានរហូតដល់ ១៤លាននាក់ក្នុង១ឆ្នាំក្នុងដំណាក់កាលទី១ ។
សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេស មិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខា ធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដើម្បី ធ្វើការងារសាងសង់ព្រលានយន្តហោះ ភ្នំពេញថ្មីមួយនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង២៦០០ហិកតា ៕