ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៤-២០២៥
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៤-២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអ្នកវិនិយោគ សរុបចំនួន១២៩នាក់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត នឹងជួយសម្របសម្រួលដល់លោក លោកស្រី ជាអ្នកវិនិយោគទាំងអស់ ដែលបានទទួលការលើកទឹកចិត្ត និង ការអនុញ្ញាតផ្សេងៗ ពីក្រុមការងារពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ។ ឯកឧត្តមបន្ថែមថា ក្នុងករណីជួបការលំបាក និង បញ្ហាប្រឈម រដ្ឋបាលខេត្តស្វាគមន៍ទទួលយក និង រីករាយរកដំណោះស្រាយរួមគ្នា សំដៅឱ្យការសាងសង់ និង ការប្រកបរបអាជីវកម្មទទួលបានជោគជ័យ ដែលតាមនេះ, ក៏ជាជោគជ័យរបស់រដ្ឋបាលខេត្តផងដែរ ព្រោះយើងដើរលើផ្លូវតែមួយ ។
ឯកឧត្តមអភិបាលខេត្ត បានគូសរំលេចថា ការដាក់ចេញនូវវិធានការ និង យន្តការ ដែលមានលក្ខណៈជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួច និងសាមញ្ញ ក្នុង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ ពិសេសការដោះស្រាយគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ។
ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបន្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ ចំនួន ២៦៩ គម្រោង ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមានចំនួន ១២៣ គម្រោង, គម្រោងវិនិយោគដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង ជាគម្រោងថ្មី ១១៣គម្រោង, គម្រោងពង្រីក មានចំនួន ២៣ គម្រោង និង គម្រោងមានស្រាប់មាន ១០គម្រោង ៕