រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគមន៍ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគមន៍របស់ខ្លួន ឱ្យបានខ្លាំង ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការយកថ្នាល TikTok សម្រាប់រកលុយ ដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ បំពុលសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងឱកាសទទួលស្វាគមន៍ លោកស្រី Chanida Klyphun តំណាងក្រុមហ៊ុន TikTok ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គម រួមមាន ព័ត៌មានក្លែងក្លាយ ការបៀតបៀន ការបង្ហោះរូបភាពអាសអាភាស ការជេរប្រមាថ និងវោហាសាស្ត្រស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការពង្រឹងស្តង់ដារសហគមន៍របស់ TikTok គឺជាការចាំបាច់ដើម្បីធានាថា អ្នកប្រើប្រាស់អាចប្រើប្រាស់បណ្តាញសង្គមនេះ ដោយសុវត្ថិភាព និងមិនរងផលប៉ះពាល់ពីព័ត៌មានមិនពិត ឬអំពើមិនគប្បីផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង