អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញទទួលស្វាគមន៍ បងប្អូនខ្មែររស់នៅប្រទេស អូស្ត្រាលី និងណូវែលហ្សេឡង់ ចុះទស្សនកិច្ចនៅតាមបណ្តោយព្រំដែន និងទស្សនាកម្សាន្តនៅរមណីយដ្ឋាន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ដើម្បីឈ្វេងយល់ច្បាស់ពីកិច្ចការពារដែនបូរណភាពទឹកដីខ្មែរ តាមខ្សែបន្ទាត់ព្រំដែននៅតំបន់ភូមិភាគឦសាន បងប្អូនអនិកជនខ្មែររស់នៅប្រទេស អូស្ត្រាលី និងណូវែលហ្សេឡង់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងពីការអភិវឌ្ឍន៍តាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាការអាស្រ័យផល និងការរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព។
ក្នុងដំណើរទស្សនកិច្ច មកកាន់ទឹកដីនៃខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ(ថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥) លោក ហ៊ាញ ប៉ុណ្ណា អភិបាលខេត្តស្តីទី និងឯកឧត្តម សាយ ម៉េងគីម សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានទទួលស្វាគមន៍បងប្អូនខ្មែររស់នៅក្រៅប្រទេស ក្នុងការបំពេញដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ពីស្រុកកែវសីមា រហូតដល់ស្រុកពេជ្រាដា លើរយៈចម្ងាយផ្លូវប្រមាណជិត២០០គីឡូម៉ែត្រ ដើម្បីបានឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ។ ក្រោយទស្សនា និងទទួលព័ត៌មានពីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ដែលប្រចាំការផ្ទាល់នៅតាមបន្ទាត់ព្រំដែន បងប្អូនអនិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានអញ្ជើញទស្សនាកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរួមមាន ទំនប់អូរតេធិបតី ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មី លើទឹកដីស្រុកអូររាំង រង្វង់មូលគោព្រៃ ដែលជាតំណាងនិមិត្តសញ្ញាសម្គាល់ខេត្តមណ្ឌលគិរី រមណីយដ្ឋានភ្នំណាំលៀរ ជាភ្នំថ្មមួយដុំយ៉ាងធំមហិមា មានទីតាំងក្បែរព្រំដែន មិនឆ្ងាយប៉ុន្មានពីបង្គោលព្រំដែនលេខ ៤៨លើ២១(១) រួចក៏បន្តទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ និងភ្នំដោះក្រមុំ ដែលជារមណីយដ្ឋាន និងជាបូជនីយដ្ឋានដ៏សាកសិទ្ឋបំផុតរបស់បងប្អូនជនជាតិដើមភាគតិច។
តំណាងសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ លោក សារ៉ា ណារីជេស៉ិន បានបង្ហាញអារម្មណ៍ដ៏រីករាយ ក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អំឡុងពេលចុះសិក្សាអំពីព្រំដែន តាមរយៈបទបង្ហាញនេះ បងប្អូនខ្មែរបានឃើញដោយផ្ទាល់ភ្នែកពីភាពត្រឹមត្រូវ និងភាពរឹងមាំនៃខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់យ៉ាងច្បាស់លាស់។ លោក សារ៉ា ណារីជេស៉ិន និយាយថា ការមកឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ បានផ្តល់ទំនុកចិត្តដ៏ខ្លាំងដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស។ លោក ក៏បានថ្លែងអំរគុណជាអនេកដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្រួលការធ្វើដំណើររបស់ងប្អូនខ្មែររស់នៅក្រៅប្រទេស មានឱកាសបានទស្សនាដោយផ្ទាល់ពីដែនបូរណភាពទឹកដីកម្ពុជាដ៏ស្រស់ស្អាត៕