សមិទ្ធផលថ្មីនៃគម្រោងស្តារឡើងវិញ ប្រឡាយមុខទឹកទំនប់សែនសុខដុម ត្រូវបានដាក់ឲ្យសម្ពោធប្រើប្រាស់ជាផ្លូវការ
មណ្ឌលគិរី ៖ សមិទ្ធផលថ្មីប្រឡាយមុខទឹកទំនប់សែនសុខដុម ក្នុងក្រុងសែនមនោរម្យ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយទទួលបានជំនួយឧបត្ថម្ភសាងសង់ពីអង្គការបូដាកម្ពុជា ដែលប្រព្រឹត្តទៅស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ នៅ
លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ មានប្រសាសន៍ថា ដោយមានការសហការ និងគាំទ្រពីអង្គការបូដាកម្ពុជា ក្រោមគម្រោងការលើកកម្ពស់គុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុងតាមរយៈអនាម័យប្រកបដោយចីរភាព រដ្ឋបាលក្រុងសែនមនោរម្យ បានទទួលនូវសមិទ្ធផលមួយចំនួន រួមមាន ៖ ផែនការចក្ខុវិស័យតម្រង់ទិសសម្រាប់ក្រុងសែនមនោរម្យនាឆ្នាំ២០៣០ និង២០៤០ ជាក្រុងគួរឱ្យចង់រស់នៅប្រកបដោយចីរភាព មានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងកំណើនសេដ្ឋកិច្ច ដែលចូលរួមដោយវិស័យទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
លោក ម៉ង់ ឧបសិទ្ធិ ប្រធានអង្គការបូដាកម្ពុជា បានឲ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធប្រឡាយមុខទឹកទំនប់សែនសុខដុម ដែលបញ្ចប់ការសាងសង់ថ្មីៗនេះ គឺធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលនឹងលើកកម្ពស់ការគ្រប់គ្រងទឹក ក្នុងអាងស្តុកទឹកសែនសុខដុមនេះ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។ លោក បញ្ជាក់ថា គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយ ក្នុងគម្រោងការលើកកម្ពស់គុណភាពជីវិត និងការពង្រឹងភាពធន់នៃទីក្រុងតាមរយៈអនាម័យប្រកបដោយចីរភាព ដែលកំពុងអនុវត្តនៅក្នុងក្រុងសែនមនោរម្យ ក្រុងក្រចេះ និងក្រុងច្បារមន។ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងកំពុងធ្វើការដើម្បីបង្កើតចក្ខុវិស័យរយៈពេលវែង និងផែនការតាមវិស័យសម្រាប់ទីក្រុងនីមួយៗ រួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការកសាង សមត្ថភាពសម្រាប់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ។
លោក ម៉ែន ផល្លីន នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងភាពជោគជ័យនេះ ជាពិសេសដល់អង្គការបូដាកម្ពុជា សម្រាប់ការខិតខំបំពេញការងារយ៉ាងសកម្មភាព ទាំងផ្នែកបច្ចេកទេស និងការគាំទ្រផ្នែកហិរញវត្ថុ និងអរគុណអាជ្ញាធរមូលដ្ឋានសម្រាប់ការគាំទ្រ និងការសម្របសម្រួល សហការយ៉ាងល្អ។ លោក ម៉ែន ផល្លីន បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋរស់នៅអាស្រ័យផលពីទំនប់ទឹកសែនសុខដុម និងទំនប់សែនមនោរម្យ ត្រូវចូលរួមគ្រប់គ្រងសំណល់គ្រប់ប្រភេទឲ្យបានត្រឹមត្រូវ ដើម្បីការពារប្រភពទឹករបស់យើងពីការបំពុល ជួយថែរក្សាការពារប្រភពទឹកដ៏សំខាន់នេះ ឲ្យមានបរិស្ថានល្អស្អាត សម្រាប់បម្រើដល់ផលប្រយោជន៍រួមទាំងអស់គ្នា៕