រថយន្តដឹកជ្រូក និងរថយន្តដឹកដីបុកគ្នាពេញទំហឹង ក្រឡាប់ផ្ងារជើងខូចខាតទាំងសងខាង ក្នុងនោះរបួសធ្ងន់ស្រាល៤នាក់ ចំពោះសត្វជ្រូកក្នុងរថយន្តក៏មានងាប់មួយចំនួន

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកជ្រូក និងរថយន្តដឹកដីបុកគ្នាពេញទំហឹង ក្រឡាប់ផ្ងារជើងខូចខាតទាំងសងខាង ក្នុងនោះរបួសធ្ងន់ស្រាល៤នាក់ ។ ករណីនេះកើតឡើងនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៩២-៩៣ ចំណុចផ្លូវបំបែកនារីស្មូនឆ្នាំង ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ។

ករណីនេះកើតឡើងរវាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខសៀមរាប 3A-3459 (រថយន្តដឹកសត្វ ជ្រូក) អ្នកបើកបរមានឈ្មោះ ហុន រ៉ាឈិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្វាហូល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (និងមានអ្នករួមដំណើរជាមួយ០២នាក់) បើកបរពីទិសខាងត្បូងទៅទិសខាងជើងលុះមកដល់ចំណុចខាងលើ បានបុករថយន្ដ០១គ្រឿងទៀត ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0863 (ឡានបែនដឹកដី) បើកបរដោយឈ្មោះ សំ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសំរោង សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ដែលបើកឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទិសខាងលិចទៅទិសខាងកើតក្នុងដំណើរខ្វែងទិសគ្នា ។

ក្នុងករណីខាងលើនេះដែរ បណ្ដាលអោយរងរបួសមនុស្សប្រុសចំនួន០៤នាក់ របួសធ្ងន់០៣នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ហើយការខូចខាតមាន រថយន្ដ០២គ្រឿង (ធ្ងន់) បច្ចុប្បន្នចាប់យកមករក្សាទុកនៅកន្លែងសមត្ថកិច្ច ។
ដោយឡែក ចំពោះសត្វជ្រូកក្នុងរថយន្តក៏មានងា.ប់មួយចំនួនផងដែរ ។ យោងតាមការសន្និដ្ឋានបឋម ភាគីរថយន្ដពាក់ផ្លាកលេខសៀមរាប 3A-3459 (ដឹកជ្រូក)បើកបរក្នុងល្បឿនលឿន មិនគោរពផ្លាកសញ្ញា (បន្ថយល្បឿនត្រង់ចំណុចផ្លូវប្រសព) ខ្ជីខ្ជាធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន និងភាគីរថយន្តបែនដឹកដី ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0863 បើកបរឆ្លងកាត់ផ្លូវជាតិ(មិនគោរពសិទ្ធអាទិភាព) ខ្ជីខ្ជាធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ៕

អត្ថបទដែលជាប់ទាក់ទង