ប្រជាពលរដ្ឋនៅក្នុងផ្សាររាត្រី ដោយមានមហាជនស្រែកថា ៖ «ជួយផង! មានជនជាតិវៀតណាម ចាប់ជំរិតខ្មែរ កណ្តាលក្រុង» ធ្វើឲ្យមហាជននាំគ្នាព័ទ្ធចាប់ជនជាតិវៀតណាម បានចំនួន០៣នាក់ លទ្ធផលគឺ ពុំមែនជាករណីចាប់ជំរិតទេ គឺជាករណីអ្នកលេងល្បែងចាញ់ នៅក្នុងកាស៊ីណូ

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅក្នុងផ្សាររាត្រី ដោយមានមហាជនស្រែកថា ៖ «ជួយផង! មានជនជាតិវៀតណាម ចាប់ជំរិតខ្មែរ កណ្តាលក្រុង» ធ្វើឲ្យមហាជននាំគ្នាព័ទ្ធចាប់ជនជាតិវៀតណាម បានចំនួន០៣នាក់ ប្រគល់ឲ្យសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់បាវិត ដើម្បីចាត់ការតាមនីតិវិធី ។
ករណីនេះបានកើតឡើងនៅ យប់ថ្ងៃទី១៩ មីនា ២០២៥ នៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ដែលជាជនជាតិខ្មែរ កំពុងដើររកទិញអីញ៉ាំ នៅក្នុងផ្សាររាត្រី ទើបតែបើកថ្មី នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខណៈនោះ ស្រាប់តែមានជនជាតិវៀតណាម០៣នាក់ មកធ្វើសកម្មភាពចាប់ជនរងគ្រោះអូសនាំចេញពីផ្សាររាត្រីនោះ បណ្តាលឲ្យមានការភ្ញាក់ផ្អើល ដោយជនរងគ្រោះ ស្រែកឲ្យជួយ (ជួយខ្ញុំផងៗ គេចាប់ជំរិតខ្ញុំ) ខណៈនោះ ប្រជាពលរដ្ឋខ្មែរយើង ដែលទៅដើរលេងនៅផ្សាររាត្រីនោះ ក៏ផ្អើលឆោឡោនាំគ្នា ទៅពទ្ធ័ចាប់ជនសង្ស័យជាជនជាតិវៀតណាម បានចំនួន០៣នាក់ ហើយបានរំដោះជនរងគ្រោះចេញ ពីក្រុមជនសង្ស័យ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាមទាំង០៣នាក់ យកទៅប៉ុស្ត៍នគបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីសាកសួរ ។
ទាក់ទិនករណីនេះដែរ លោកនាយប៉ុស្ត៍នគបាលរដ្ឋបាលសង្កាត់បាវិត បានប្រាប់ថា ពិតជាមានករណីប្រជាពលរដ្ឋ ចាប់ជនជាតិវៀតណាម០៣នាក់ ប្រគល់ឲ្យសមត្ថកិច្ចពិតប្រាកដមែន ដោយប្រជាពលរដ្ឋចោទថា ជនជាតិវៀតណាមទាំង០៣នាក់នេះ ចាប់ជំរិតខ្មែរ ។
លោកនាយប៉ុស្ត៍នគបាលរដ្ឋបាលសង្កាត់បាវិត បានប្រាប់បន្តថា សមត្ថកិច្ចបានទទួលជនសង្ស័យ នាំយកទៅប៉ុស្ត៍ ហើយក្រោយពីបានសាកសួរ លទ្ធផលគឺ ពុំមែនជាករណីចាប់ជំរិតទេ ។
លោកនាយប៉ុស្ត៍រដ្ឋបាល មានប្រសាសន៍បញ្ជាក់ថា គឺជាករណីអ្នកលេងល្បែងចាញ់ នៅក្នុងកាស៊ីណូ ហើយបានខ្ចីប្រាក់ពីជនជាតិវៀតណាម ០៣នាក់នោះ ចំនួន៥០លានដុង (លុយវៀតណាម ប្រមាណជាជិត២,០០០ដុល្លារអាមេរិក) ហើយបន្តលេងល្បែងទៀត រហូតចាញ់អស់៥០លានដុងទៀត។ ហើយក៏ដើរចេញពីកាស៊ីណូ បម្រុងគេចខ្លួន មិនព្រមសងលុយពួកគេ ទើបពួកគេតាមមកដល់ក្នុងផ្សាររាត្រី ក៏ចាប់ក្របួចកអាវ អូសយកទៅកាស៊ីវិញ ដើម្បីទារប្រាក់ដែលខ្ចី ចំនួន៥០លានដុង ដែលលេងល្បែងចាញ់អស់នោះ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឆោឡោ ពទ្ធ័ចាប់ជនសង្ស័យទាំង០៣នាក់ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
លោកនាយប៉ុស្ត៍ បញ្ជាក់ទៀតថា តាមពិត ជនរងគ្រោះ ដែលប្រាប់ថា គាត់ជាខ្មែរនោះ តាមពិត គឺជាជនអន្តោប្រវេសន៍ ជនជាតិវៀតណាម ប្រើប្រាស់បណ្ណ័លឿង មកស្នាក់នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយជនរូបនោះបានចូលទៅលេងល្បែងក្នុងកាស៊ីណូ ចាញ់ប្រាក់អស់ ក៏បានខ្ចីប្រាក់ ពីភ្នាក់ងារកាស៊ីណូ (ឬអ្នកនាំម៉ូយឲ្យកាស៊ីណូ) ពេលមានភ្ញៀវ ដែលគេនាំឲ្យទៅលេងល្បែងក្នុងកាស៊ីណូ ចាញ់អស់ប្រាក់ ត្រូវការប្រាក់លេងល្បែងបន្ត គឺភ្នាក់ងារនាំភ្ញៀវនេះ បានឲ្យប្រាក់ភ្ញៀវខ្ចីលេងល្បែងកាស៊ីណូ ។
បើតាមលោកមេប៉ុស្ត៍ដដែល បានឲ្យដឹងទៀតថា ក្រោយពីសាកសួររួច សមត្ថកិច្ចបានដោះលែងជនជាតិវៀតណាមទាំង០៣នាក់ ឲ្យត្រឡប់ទៅវិញ ហើយប្រគល់ជនអន្តោប្រវេសន៍រូបនោះ ដែលជំពាក់លុយគេ(៥០លានដុង)នោះ ឲ្យទៅដោះស្រាយគ្នា នៅកាស៊ីណូវិញ សមត្ថកិច្ចមិនលូកដៃទេ ។
មហាជនបានលើកឡើងថា ការប្រគល់ជនដែលចាញ់ល្បែងហើយជំពាក់ប្រាក់គេ គឺមិនខុសពីរុញឲ្យចូលមាត់ខ្លា និងឈានទៅការចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ពីសាច់ញាតិនោះទេ ហើយបើសាច់ញាតិគ្មានប្រាក់មកលោះ តើមានរឿងអ្វីកើតឡើង ? ៕

អត្ថបទដែលជាប់ទាក់ទង