ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍។ លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ, លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AirAsia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង