បុរសម្នាក់ពុំដឹងថា ស្រវឹងស្រា ឬបែបណានោះទេ បើករថយន្ត១គ្រឿង បោះពួយក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង រុញផ្ទប់តូបលក់ដូរមួយកន្លែង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសម្នាក់ពុំដឹងថា ស្រវឹងស្រា ឬបែបណានោះទេ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ១គ្រឿង បោះពួយក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពេញទំហឹងរុញផ្ទប់តូបលក់ដូរមួយកន្លែង ។ បន្ទាប់មកនៅមិនទាន់អស់ល្បឿនឡើយ ក៏បានបន្តបុកចូលតូបលក់ដូរ១នោះទៀត បណ្ដាលឲ្យរងការខូចខាតតូបរួមទាំងសម្ភារៈលក់ដូរផងដែរ ចំណែករថយន្តព្រូសខាងលើ និងរថយន្តហ៊ីយ៉ាន់ដាយនោះ ក៏បានរងការខូចខតយ៉ាងដំណំដែរ ប៉ុន្តែសំណាងខ្លាំងណាស់មិនបានបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BY-6835 ក្នុងល្បឿនតាមផ្លូវខាងលើ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថា ស្រវឹងស្រា ឬបែបណានោះទេ ក៏បានរេចង្កូតជ្រុលបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៍ខៀវ ពេញទំហឹង រុញផ្ទប់តូបលក់ដូរ១ នៅក្បែរនោះ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះរថយន្តព្រូសខាងលើ នៅមុនទាន់អស់ល្បឿនឡើយ ហើយបានជ្រុលទៅបុកត្បុល ចូលក្នុងតូបនោះទៀត ហើយបានតូបជួយទប់ទើបទៅមុខលែងរួច ជាហេតុបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងរថយន្តទាំង២គ្រឿង និងសម្ភារៈលក់ដូរព្រមទាំងតូបលក់ដូរនោះផងដែរ ។
ចំណែកបុរសអ្នកបើកបរនោះមិនបានរងរបួសនោះទេ ហើយក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលចរាចរខណ្ឌដង្កោ បានចុះទៅវាស់វែង ហើយឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង