គ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក បានចូលទៅឆ្លើយនៅការិយាល័យផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលការសាកសួរនោះ នៅមិនទាន់បានបញ្ចប់នៅឡើយទេ លទ្ធផលក៏នៅមិនទាន់មានចំណាត់ការយ៉ាងណាដែរ

ភ្នំពេញ ៖ គ្រូជោគជ័យ ឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក បានចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតលើបណ្តាញសង្គមដោយប្រើពាក្យថា «កំចាត់ក្មេងទំនើង និងចោរប្លន់ឲ្យបាន ទើបអាចនិយាយថា យើងមាន សន្តិភាពផ្លូវចិត្ត» ។

គ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក បានចូលទៅឆ្លើយនៅការិយាល័យផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលការសាកសួរនោះនៅមិនទាន់បានបញ្ចប់នៅឡើយទេ ដូច្នោះលទ្ធផលក៏នៅមិនទាន់មានចំណាត់ការយ៉ាងណាដែរ ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ គ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក បានបង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយប្រើពាក្យយ៉ាងខ្លីថា «កំចាត់ក្មេងទំនើង និងចោរប្លន់ឲ្យបាន ទើបអាចនិយាយបានថា យើងមានសន្តិភាពផ្លូវចិត្ត» ។ ក្រោយពីគ្រូជោគជ័យបង្ហោះខ្លឹមនេះលើបណ្តាញសង្គម គឺមានការផ្សព្វផ្សាយតៗគ្នា ខ្លះបានវាយប្រហារថា ជាការមើលងាយដល់សមត្ថកិច្ច រាជរដ្ឋាភិបាល កំពុងខិតខំប្រើកណ្តាប់ដៃបង្ក្រាបបទល្មើស ចោរលួច ឆក់ ប្លន់ គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខឲ្យមានសន្តិភាពក្នុងសង្គម សូមស្នើឲ្យសមត្តកិច្ចមានចំណាក់ការលើឈ្មោះ ប៊ុន ផាក ដែលប្រើពាក្យសំដីមិនគប្បីនេះ ។
ខណៈពេលនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រើប្រាស់ផេកហ្វេសប៊ុកផ្លាល់ខ្លួនរបស់លោកថា «ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផ្នែកសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួពន្យល់អំពីពាក្យថា «សន្តិភាព» ។ សូមអរគុណ ។ បន្ទាប់ពីលោកឧត្តមសេនីឯក ជួន ណារិន្ទ ស្នងការ បានបង្ហោះសារឲ្យជំនាញផែនសន្តិសុខអញ្ជើញម្ចាស់ផេកនោះឲ្យចូលខ្លួនដើម្បីពន្លល់ពាក្យសន្តិភាព នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញ លិខិតកោះហៅ បុគ្គលម្ចាស់ផេកនោះផងដែរ ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចបានយកលិខិតកោះហៅនោះទៅឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក អត់នៅផ្ទះទេ ពោលគ្រូជោគជ័យទំនងចង់គេចវេសមិនចូលខ្លួន ។ ប៉ុន្តែទោះជាក្រោមហេតុផល យ៉ាងណាក្តី ចាត់ទុកថា ៥ថ្ងៃកន្លងមក គឺនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ ម្ចាស់ផេក ឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក ស្ម័គ្រចិត្តប្រគល់ខ្លួនចូលទៅបំភ្លឺនៅសមត្ថកិច្ចហើយ ដោយរង់ចាំមើលលទ្ធផលចុងក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង