អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ ករណីលោក ប៊ុន ផាក សមត្ថកិច្ចអនុញ្ញាត ឱ្យគាត់ត្រឡប់ទៅលំនៅឋានវិញ ចុងក្រោយគឺ គាត់បានទទួលសារភាព និងទទួលការយល់ខុសអំពីពាក្យ សន្តិភាព និងពាក្យ ការកំចាត់ក្មេងទំនើង អំពើចោរកម្ម

ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានប្រាប់ថា ចំពោះករណីបុរសម្នាក់ឈ្មោះ ប៊ុន ផាក ដែលបានប្រើពាក្យបង្ហោះ នៅក្នុងបណ្ដាញសង្គម ពាក់ព័ន្ធនឹងសារ កំចាត់ក្មេងទំនើង កំចាត់ចោរប្លន់ ឱ្យអស់ទើប អាចនិយាយបានថា យើងមាន សន្តិភាព ! ។ ករណីនេះ បុរសរូបនេះនៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកបានចូលខ្លួនទៅតាមពេលវេលា នៃការកោះអញ្ជើញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបានជួបជាមួយនឹងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយយើង ធ្វើការសួរនាំអំពីខ្លឹមសារ ដែលគាត់បានបង្ហោះផ្សព្វផ្សាយ លើបណ្ដាញសង្គម ពាក់ព័ន្ធទៅនឹងដែលគេហៅថា ពាក្យ«សន្តិភាព»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា ក្រោយពីមន្ត្រីជំនាញបានសាកសួរក្នុងរយៈពេល ២ ទៅ ៣ ម៉ោង ! ចុងក្រោយគឺ គាត់បានទទួលសារភាព និងទទួលការយល់ខុសអំពីពាក្យ សន្តិភាព និងពាក្យ ការកំចាត់ក្មេងទំនើង អំពើចោរកម្ម ។ ឥឡូវនេះគាត់បាន បកស្រាយផ្លូវការតាមផេករបស់គាត់ អំពីអ្វីដែលជាតម្លៃ សន្តិភាព ហើយបែងចែកអ្វីដែលជាកិច្ចការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ដែលសមត្ថកិច្ច បានយកចិត្តទុកដាក់ ។ លោកអ្នកនាំពាក្យបន្តថា, ការផ្សារភ្ជាប់នូវខ្លឹមសាររបស់គាត់ នោះដោយសារទីមួយគាត់ បានយល់ ហើយបានឃើញអំពី សកម្មភាពករណីចោរឆក់ កាបូបលើស្ត្រីបរទេសម្នាក់ ជាមួយនឹងសង្សាររបស់គាត់ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីកន្លងទៅ ហើយគាត់ក៏មានអារម្មណ៍ថា អ្វីដែលពាក់ព័ន្ធការងារសន្តិសុខ គឺលោកចង់ជំរុញឲ្យមានការទប់ស្កាត់ បង្ក្រាប ឱ្យមានសុខសុវត្ថិភាព កុំឱ្យមាន ភ្ញាក់ផ្អើល ឬឱ្យមានការ ការពារឱ្យបានគ្រប់គ្រាន់ចំពោះជនបរទេស ។ ប៉ុន្តែអ្វីដែលយើងបាន ឃើញ និងការទទួលស្គាល់របស់គាត់ គាត់ថា កិច្ចការការងារថែរក្សាសន្តិសុខ ទទួលយកបានថាសមត្ថកិច្ចពិតជាបានយកចិត្តទុកដាក់ បង្ក្រាបរាល់កិច្ចការងារ បញ្ហាបទល្មើសគ្រប់ប្រភេទ។
លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, ដូច្នេះកិច្ចការនេះ តាមគោលការណ៍ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃដដែល គឺសមត្ថកិច្ចយើងបានអនុញ្ញាត ឱ្យគាត់ត្រឡប់ទៅលំនៅឋានវិញ គ្រាន់តែ ធ្វើកិច្ចសន្យាបញ្ឈប់នូវការ ផ្សព្វផ្សាយនូវ ការងារ ខ្លឹមសារមួយចំនួន ដែលមិនទាន់បាន យល់អំពីអត្ថន័យ និងពាក្យដែលយើងប្រើប្រាស់ខុសឆ្គង ពេលវេលា ក៏ដូចជា ការខុសឆ្គងនូវពាក្យពេចន៍ មួយចំនួនដែលយើងមិនត្រូវ យកមកផ្សារភ្ជាប់ជាមួយគ្នា បានទេ។
ដោយឡែកលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមប្រព័ន្ធTelegram ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» លោកបានបញ្ជាក់យ៉ាងខ្លីថា «គាត់បានចូលហើយ។យើងកោះអញ្ជើញចូលបំភ្លឺ មិនមែនអញ្ជើញចូលមកឃាត់ខ្លួនទេ » ៕

អត្ថបទដែលជាប់ទាក់ទង