ឃា..ត់ខ្លួនជនស..ង្ស័យម្នាក់ ករណីហិ..ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស)
ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស) ។ ករណីកើតហេតុនេះ នៅចំណុចផ្ទះលក់គ្រឿងទេសកែវ សុខឃី ផ្លូវ ២៤បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០១និង១៥នាទី រំលងអធ្រាត្រថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។
ជនសង្ស័យឈ្មោះ យ៉ា សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅឃ្លាំងអេតចាយ ភូមសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកនូវសារធាតុញៀន) ។
ជនរងគ្រោះ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនបរទេសស្បែកខ្មៅ (មិនបានដាក់ពាក្យបណ្តឹង) ។
សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ អាវយឺតដៃខ្លី ចំនួន០១ ពណ៌ខ្មៅ និងអាវក្រៅ ដៃវែង ចំនួន ០១ ពណ៌ខ្មៅ មានរូបពណ៌សខាងក្រោយខ្នង (របស់ជនសង្ស័យពាក់នៅពេលធ្វើសកម្មភាព) ។
សមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែលម៉ោង០១ រំលងអាធ្រាត្រ ជនសង្ស័យឈ្មោះ យ៉ា សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ បានដើរចេញពីផ្ទះ ដើម្បីទៅទិញបារីជក់ នៅចំណុចផ្ទះលក់គ្រឿងទេសកែវ សុខឃី ផ្លូវ ២៤បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយបានជួបជាមួយជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនបរទេសស្បែកខ្មៅ ដែលកំពុងអង្គុយនៅខាងមុខផ្ទះកើតហេតុខាងលើ ។
សមត្ថកិច្ច បានឲ្យដឹងបន្តថា បន្ទាប់មកជនរងគ្រោះ បានស្តោះទឹកមាត់ ត្រូវចំជើងខោរបស់ជនសង្ស័យ រួចជនសង្ស័យ ក៏បានស្តីឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនចេះស្តាប់ភាសាខ្មែរនោះទេ ហើយជនសង្ស័យ ក៏បានទៅផ្ទះបាត់ទៅ លុះរហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០១និង១៥នាទី រំលងអធ្រាត្រ ជនសង្ស័យបានដើរចេញពីផ្ទះមកទិញបារី នៅចំណុចកើតហេតុខាងលើម្តងទៀត ហើយបានឃើញជនរងគ្រោះកំពុងតែអង្គុយលើកៅអី ទើបជនសង្ស័យ បានដើរត្រឡប់ទៅយកកាំបិតប៉័ងតោ ចំនួន ០១ដើម លាក់ទុកនៅចង្កេះខោ ផ្នែកខាងមុខ ដើម្បីកាប់ទៅលើជនរងគ្រោះ ។ បន្ទាប់មក ជនសង្ស័យបានធ្វើជាដើរចូលទៅទិញបារី ឆ្លៀតពេលដែលជនរងគ្រោះមិនដឹងខ្លួន ទើបជនសង្ស័យបានដកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះចំនួន ០២កាំបិត ហើយរត់គេចខ្លួនទៅផ្លូវ៣៧១ បាត់ទៅ និងបានបោះកាំបិតប៉័ងតោចូលទៅក្នុងបឹងតូចបាត់ ចំណែកជនរងគ្រោះ បានចេញពីកន្លែងកើតហេតុបាត់ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ ។
សមត្ថកិច្ច ក៏បានបញ្ជាក់ដែរថា រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ បានឃើញការចុះផ្សាយអំពីវីដេអូ សកម្មភាពខាងលើ ក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ SEM RATANAK ភ្លាមនោះ សមត្ថកិច្ចយើងក៏បានចុះធ្វើការស្រាវជ្រាវ និងឃាត់បានជនសង្ស័យខាងលើ ដែលកំពុងដេកនៅមុខឃ្លាំងអេតចាយ ភូមិសន្សំកុសល៦ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ។
ជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ច្បាប់ ៕