ករណីដ៏រន្ធត់នេះ! កណីផ្ទុះគ្រាប់មីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយខ្នង បណ្តាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុង ប៉ុន្តែសំណាងល្អ ស្ត្រីម្ចាស់ផ្ទះចេញមកលក់ដូរ នៅតូបខាងមុខផ្ទះផុត ទើបផ្ទុះ កុំអីមិនដឹងជាយ៉ាងណាទេ
ខេត្តស្វាយរៀង ៖ ករណីដ៏រន្ធត់នេះ បានកើតឡើងនៅ រសៀលថ្ងៃទី២១ មីនា ២០២៥ នៅចំណុចផ្ទះជាងបុកអណ្តូង ដែលមានយីហោ «សីពៅ» មានទទួលជួសជុល និងបុកអណ្តូងតូចធំគ្រប់ប្រភេទ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។
មានកណីផ្ទុះគ្រាប់មីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយខ្នង បណ្តាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុង ប៉ុន្តែសំណាងល្អ ស្ត្រីម្ចាស់ផ្ទះចេញមកលក់ដូរ នៅតូបខាងមុខផ្ទះផុត ទើបផ្ទុះ កុំអីមិនដឹងជាយ៉ាងណាទេ។ ចំណែកប្តី និងកូនៗ ក៏ចេញទៅធ្វើការក្រៅផ្ទះអស់ដែរ ។
បើតាមស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹងថា នេះសំណាងល្អខ្លាំងណាស់ មុនពេលកើតហេតុ រូបគាត់បានដើរចេញមកតូបលក់ដូរខាងមុខផ្ទះ ស្រាប់តែឮសំឡេងផ្ទុះគ្រាំងកក្រើកដី ឃើញផ្ទះរបស់គាត់ប៉ើងដុំថ្ម និងដំបូលផ្ទះខ្ទាតឡើងលើ ផ្សែងហុយខ្មួលខ្មាញ់ឡើងលើ គាត់ភ័យតក់ស្លុតយ៉ាងខ្លាំង ។ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវ មកចោមរោមមើលពីចម្ងាយ ។
បើតាមស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹងបន្តថា ចំណែកប្តីរបស់គាត់ និងកូនៗ ក៏បានចេញទៅធ្វើការខាងក្រៅអស់ ទើបគ្មានប៉ះពាល់ដល់អាយុជីវិត ។
ដំបូងនឹកស្មានថា ជាករណីផ្ទុះធុងហ្គាស់ ក៏ប៉ុន្តែបើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចសង្ស័យជាករណីផ្ទុះមីនតោន ចំកណ្តាលផ្ទះ ទើបកម្លាំងផ្ទុះខ្លាំងបណ្តាលឲ្យបាក់បែកបន្ទប់ជញ្ជាំងថ្ម ដំបូលផ្ទះវីឡាតឿ ១ខ្នង ប៉ើងខ្ទេចខ្ទី រាបដល់ដី បែបនេះ (សល់តែជញ្ជាំងខាងមុខប៉ុណ្ណោះ) ។
ប្រភព ប្រាប់បន្តថា ការពិនិត្យមើលកន្លែងកើតហេតុ គឺឃើញមានរណ្តៅមួយចំកណ្តាលផ្ទះ គ្រាប់ផ្ទុះចេញពីក្នុងដី ។ ដោយផ្ទះនេះ ទើបតែសាងសង់ថ្មី ដោយលើកដីដាក់ភូមិថ្មី សង្ស័យពេលជីករណ្តៅដី យកអាចម៌ដីមកចាក់លើកភូមិ ដើម្បីសង់ផ្ទះនោះ ជីកដោយគ្រាប់មីនតោន មកជាមួយ ដែលវាកប់ក្នុងដីកណ្តាលផ្ទះ ហើយមិនដឹងថា មានមូលហេតុអ្វី ស្រាប់តែផ្ទុះបែបនេះ ។
ប្រភព ប្រាប់ទៀតថា ប៉ុន្តែគឺសំណាងខ្លាំងណាស់ បើផ្ទុះពេលក្រុមគ្រួសារកំពុងស្នាក់នៅក្នុងផ្ទះ ពេលដេក ឬសម្រាកនៅពេលយប់ ឬពេលបាយជុំគ្នា មិនដឹងថា វាសនាទៅជាយ៉ាងណាទេ ? បើផ្ទះ ១ខ្នង បាក់បែកខ្ទេចខ្ទី រាបដល់ដីបែបនេះ សូម្បីទ្រព្យសម្បត្តិ គ្រឿងសម្ភារៈ តុទូ គ្រែ កន្ទេលពូកខ្នើយ ខូចគ្មានសល់ក្នុងផ្ទះបាក់បែកខ្ទេចខ្ទីទាំងស្រុង ។
សូមបញ្ជាក់ថា ភូមិកណ្តាល សង្កាត់ប្រាសទនេះ គឺនៅជិតព្រំដែន ក្នុងសម័យសង្គ្រាម គឺជាទីតាំងសមរភូមិផងដែរ ទើបមានគ្រាប់មីនកប់ក្នុងដី ដូច្នេះ ៕