ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បំភ្លឺករណីម៉ូតូបុករថយន្ដ បណ្ដាលឲ្យស្លា.ប់៣នាក់ នៅស្រុកភ្នំស្រួច, អ្នកបើកបរត្រូវតំណាងអយ្យការសម្រេចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ
(កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុករថយន្ដ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន ទទួលបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែង ប្រមែប្រមូលភស្តុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញនីតិវិធីកំណត់ដោយច្បាប់សុក្រឹតត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អរវាងអ្នកបើកបររថយន្តឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្ត បំពេញការងារតាមជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចយ៉ាងសុក្រឹតបំផុត។
បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលភស្តុតាង និងប្រភពព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្តរួចមកសមត្ថកិច្ចរកឃើញថា អ្នកបើកម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស៣នាក់ លើសចំនួនកំណត់របស់ច្បាប់ និងបើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្ហូតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត១គ្រឿង ដែលកំពុងធ្វើដំណើរបើកបរ បញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ចំណែកឯអ្នកបើកបររថយន្តវិញបានបញ្ជាក់ថា ខ្លួនបើកបរដោយគ្មានប័ណ្ណបើកបរ ករណីនេះអ្នកបើកបរប្រឈម នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា៧៥ថ្មី។
ជាកាតព្វកិច្ចច្បាប់កំណត់ ក្នុងនាមនគរបាលយុត្តិធម៌លើបទល្មើសចរាចរណ៍ ត្រូវរាយការណ៍ជូន ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានជ្រាប និងមានចំណាត់ការ។ ជាឆន្ទានុសិទ្ធិតាមច្បាប់ស្ថាប័ន អយ្យការសម្រេចបន្តនីតិវិធីករណីអ្នកបើកបរដោយគ្មានប័ណ្ណបើកបរតាមមាត្រា ៧៥ថ្មីខាងលើ ដើម្បីពិនិត្យទិដ្ឋភាពច្បាប់ប៉ុណ្ណោះ ពុំមែនបន្តនីតិវិធីតាមអង្គហេតុ ម៉ូតូបើកបញ្ច្រាសទិសចូលរថយន្តនោះទេ។ មកដល់ពេលនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានអនុញ្ញាតឲ្យអ្នកបើកបររថយន្តវិលត្រឡប់ទៅគេហដ្ឋានវិញហើយ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច មានម៉ូតូ១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GY9242 បើកបរដោយឈ្មោះ ម៉ុត រ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តើក ខេត្តតាកែវ ឌុបមនុស្សចំនួន២នាក់ ឈ្មោះ អាត សំអូន អាយុ១៧ឆ្នាំ និងឈ្មោះ សាម ផានិ អាយុ១៦ឆ្នាំ បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានបុករថយន្ត១គ្រឿងទៀត ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3I-3885 បើកបរដោយឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតសម្ភារៈ
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ អ្នកបើកម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស៣នាក់ លើសចំនួនកំណត់ បើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្ហូតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បង្កឡើងនូវគ្រោះថ្នាក់ បណ្តាលឲ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕