ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង«ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា»

នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៤០០នាក់។
សូមជម្រាបថា ពិធីអបអរសាទរ ទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ដែលរៀបចំរួមគ្នាដោយក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នាពេលនេះ ក៏មានកិច្ចពិភាក្សាលើប្រធានបទ «តើកម្ពុជាគួររៀបចំខ្លួនអ្វីខ្លះ ដើម្បីធានាបាននូវសន្តិសុខទឹក ក្នុងបរិបទដែលមានការប្រែប្រួលអាកាសធាតុ?» ដែលមានវាគ្មិនចូលរួមមកពីក្រសួងស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ទិវាទឹក និងឧតុនិយមពិភពលោក បានប្រារព្វឡើងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ដែលត្រូវបានទទួលស្គាល់ជាសកល ដើម្បីបង្ហាញពីសារសំខាន់នៃធនធានទឹក និងសេវាឧតុនិយម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ និងដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦៖ ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នានៅឆ្នាំ២០៣០។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ពិធីអបអរសាទរ «ទិវាទឹក និងឧតុនិយមពិភពលោក» ឆ្នាំ២០២៥ នៅកម្ពុជា ធ្វើឡើងក្នុងគោលបំណង៖ ទី១)លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាទឹក និងឧតុនិយម ទី២)បង្ហាញពីតួនាទីរបស់ជលសាស្ត្រនិងឧតុនិយម ក្នុងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងការប្រកាសព័ត៌មានឱ្យដឹងមុន ទី៣)ពង្រឹងភាពជាដៃគូក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជននិងសហគមន៍មូលដ្ឋាន ទី៤)ជំរុញកិច្ចពិភាក្សាគោលនយោបាយស្តីពីសន្តិសុខទឹក ទី៥) រំលេចដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងការគ្រប់គ្រងទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមគោលនយោបាយទឹករបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម ឱ្យបន្តយកចិត្តទុកលើកិច្ចការមួយចំនួនដូចជា៖ ទី១)ប្រើប្រាស់ធនធានទឹកដែលមានស្រាប់ឱ្យអស់សក្តានុពល និងសន្សំសំចៃ ទី២)ពង្រីកវិសាលភាពអាងស្តុកទឹកសម្រាប់បម្រើឱ្យពហុវិស័យ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ទី៣)ប្រែក្លាយប្រព័ន្ធធារាសាស្រ្តឱ្យមានលក្ខណៈពេញលេញ និងទំនើប ទី៤)ពង្រឹងសេវាឧតុនិយម និងប្រព័ន្ធប្រកាសអាសន្នជាមុន ទី៥)ពង្រឹងធនធានមនុស្សផ្នែកធារាសាស្រ្ត ឧតុនិយម និងជលសាស្រ្ត ទី៦)រៀបចំ និងធ្វើទំនើបកម្មមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ទី៧)ពង្រឹងការសិក្សាស្រាវជ្រាវវិស័យធនធានទឹក ដែលរួមមាន ទឹកលើដី និងទឹកក្រោមដី និងទី៨)បង្កើត និងពង្រឹងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម៕

អត្ថបទដែលជាប់ទាក់ទង