ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារអភិវឌ្ឍន៍កសិកម្មចិន (ADBC)។
ពិធីចុះហត្ថលេខានេះប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តម Zhan Dongsheng ប្រធានធនាគារ ADBC ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារទាំងពីរ។
អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម, ការជំរុញការ វិនិយោគមកប្រទេសកម្ពុជា, ការជំរុញការនាំចេញកសិផលកម្ពុជាមកទីផ្សារប្រទេសចិន តាមរយៈការផ្តល់ សេវាកម្មធនាគារជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍និង ឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
បន្ថែមពីនេះ, ធនាគារទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញហិរញ្ញប្បទានបៃតងដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមធ្វើការសិក្សាស្រាវជ្រាវរួមគ្នា (Joint-Research) ក្នុងក្របខណ្ឌ APRACA Centre of Excellence – Green Finance to Agriculture Sector។
ធនាគារទាំងពីរ ក៏បានសង្កត់ធ្ងន់លើការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមនៃ APRACA និងពង្រឹងសមត្ថភាពស្ថាប័នតាមគោលការចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នា, ការផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិក (Staffs Exchange) និងការអនុវត្តទស្សនកិច្ចសិក្សាជាដើម។
ក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ, ធនាគារទាំងពីរ នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ តាមរយៈការចែករំលែកនូវបទពិសោធន៍ល្អៗ និងការចែករំលែកព័ត៌មានទៅវិញទៅមក ៕

អត្ថបទដែលជាប់ទាក់ទង