សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក ទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានស្នើដល់រដ្ឋ បាលរាជធានី-ខេត្ដទាំងអស់ បំផុសឲ្យមានការរៀបចំ ព្រឹត្ដិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីកម្ពុជា នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីកម្រិតថ្នាក់ខេត្ដ ដល់ថ្នាក់ស្រុក-ឃុំ ទៅតាមគោលដៅទេសចរណ៍ វត្ដអារាមនានា បន្ថែមពីលើព្រឹត្ដិការណ៍ មហាអង្គរសង្គ្រាន្ដ ដែលបានរៀបចំ នៅក្នុងខេត្ដសៀមរាប។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខនេះ ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕