សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគ្រោងនឹងទូលស្នើព្រះករុណា ព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
ខេត្តតាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគ្រោងនឹងទូលស្នើព្រះករុណា ព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។
ការលើកឡើងរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបវិញថា រាជរដ្ឋាភិបាលមិនមានការចាប់បង្ខំអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទនោះឡើយ គឺជាការសម្រេចចិត្តរបស់អតីតព្រះតេជគុណ ជួន កក្កដា ។
ការឆ្លើយតបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះក្រោយមានក្រុមប្រឆាំងជ្រុលនិយមបានលើកឡើងថា «របបរដ្ឋាភិបាលត្រកូល ហ៊ុន សូម្បី លោកក៏ចាប់ផ្សឹកដែរ» ។
នាឱកាសអញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ គុណតម្លៃនៃទន្លេ ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិនាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ភរិយារបស់សម្ដេច គឺលោកជំទាវ ពេជ ចន្ទមុន្នី បានសម្ដែងការសោកស្ដាយ ហើយក៏មិនចង់ឱ្យលាចាកសិក្ខាបទដែរ ។
សម្តេចមហាបវរធិបតី ស្នើពុទ្ធសាសនិក បន្តគាំទ្រចំពោះគម្រោងជួយវិស័យពុទ្ធសាសនា ដែលផ្ដួចផ្ដើមដោយអតីតព្រះតេជគុណ ជួន កក្កដា ដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយដែលសិក្សានៅពុទ្ធិកសិក្សា ។
សម្តេចមហាបវរធិបតី គូសបញ្ជាក់ថា «ចឹងសូមឱ្យលោកតា លោកយាយ អ៊ុំ ពូ មីង អ្នកគាំទ្រជួន កក្កដា កុំមានការយល់ច្រលំ ហើយប្រព័ន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយថា អត់មានបង្ខំលោកទេ ។ គឺសម្រេចតាមរបស់ប្អូនបណ្ឌិត ជួន កក្កដា ដែលលោកចង់បានបន្ដការងារជួយទៅដល់សាសនាជួយដល់សង្គមជាតិ ប៉ុន្ដែគ្រាន់តែប្ដូរផ្លូវពុទ្ធចក្រទៅក្នុងផ្លូវអាណាចក្រ ហើយយើងនឹងបន្តផ្ដល់ឱកាសឱ្យលោកបណ្ឌិត បន្ដចូលរួម ដើម្បីជួយកសាងពង្រឹងព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងបន្ដទៀត» ។
សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា បណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះករុណា ព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដើម្បីបានយកចំណេះដឹងមកជួយសង្គមជាតិបន្ត ៕