អភិបាលខេត្តកំពង់ចាម ៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តាដែលនាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ មកដល់ពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងបែបនេះនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមទ្ធិផលនានា ក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ប្រាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា សមិទ្ធផលក្នុងវត្តរស្មីសង្កែដែលបានសម្ពោធនាពេលនេះ មានដូចជាដំបូលព្រះវិហារ កុដមួយខ្នង និងស្រះទឹក ដែលចំណាយថវិការសរុបប្រមាណជាជិត ១០ម៉ឺនដុល្លារអាមេរិក។
ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសនោះអបអរសាទរដែលវត្តរស្មីសង្កែទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលបានចូលរួមជាកុសល ចូលជាបច្ច័យក្នុងការសាងសង់បង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះ នៅក្នុងស្រុកព្រៃឈររបស់យើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា «កត្តាដែលនាំឲ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រមកដល់ពេលនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព នាំឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើប្រកបមុខរបរទទួលទាន មានជីវភាពធូរធារ ហើយអាចមានលទ្ធភាពក្នុងការចូលរួមជាបច្ច័យ ដើម្បីកសាងអភិវឌ្ឍន៍ឲ្យកើតមានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់» ៕

អត្ថបទដែលជាប់ទាក់ទង