ឧបនាយករដ្ឋមន្ត្រី ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម សន្ដិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងឯកឧត្តម ហ៊ុន សុធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន។
សូមជម្រាបជូនថា ក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ មានភារកិច្ចដូចខាងក្រោម៖
ទី១-រៀបចំបញ្ជីឈ្មោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគា ដែលមានអតីតភាព យ៉ាងតិចការងារ ១០ឆ្នាំ ពុំទាន់ធ្លាប់ដែលទទួលបានគ្រឿងឥស្សរិយយស ដើម្បីលើកសំណើសុំ គោលការណ៍ផ្តល់ជូន។
ទី២-ប្រជុំត្រួតពិនិត្យ ជ្រើសរើស និងវាយតម្លៃស្នើសុំផ្អែកលើស្នាដៃ អតីតភាពការងារនានារបស់មន្ត្រី ទាំងនោះ និងដោយមានចែងក្នុងបទដ្ឋានគតិយុត្តិជាធរមាន។
ទី៣-រៀបចំតារាងបញ្ជីឈ្មោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានត្រួត ពិនិត្យជ្រើសដើម្បីដាក់ជូនរដ្ឋមន្ត្រីពិនិត្យសម្រេចផ្ញើជូនទីស្តីការគណៈរដ្ឋមន្ត្រី។
ទី៤-បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕