លោកស្រី ធី សុផល ត្រូវបានតុលាការខេត្តកំពត ដោះលែងឱ្យមានសេរីភាពវិញហើយ
លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត យកចិត្តទុកដាក់ខ្ពង់ចំពោះសុខទុក្ខរបស់អ្នកសារព័ត៌មាន និងផ្តល់មេធាវីការពារក្តីពេលរងបណ្តឹងនៅតុលាការ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ឱ្យ ឯកឧត្តម សុខ ប្រសិទ្ធិ និង ឯកឧត្តម សុខ ចាន់ភក្តី ជួយផ្តល់មេធាវីការពារក្តីជូន លោក ទន់ ម៉ូវ ចាងហ្វាង គេហទំព័រកំពតដេលី និង លោកស្រីចាងហ្វាង ធី សុផល តាមសំណើរបស់សមាគម។
បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភជំនួយមនុស្សធម៌ជា ថវិកានិងគ្រឿងបរិភោគ គឺថវិកាចំនួន៥០០,០០០រៀល (ហាសិបម៉ឺនរៀល) និង អង្ករ៥០គីឡូ ត្រីខ៤ដុំ និងភេសជ្ជៈ២កេស តាមរយៈសមាគម ជូនលោកស្រីចាងហ្វាង ធី សុផល ដែលជាស្ត្រីមេម៉ាយចិញ្ចឹមកូន០៣នៅជាអនីតិជន។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥នេះ លោកស្រី ធី សុផល ត្រូវបានតុលាការខេត្តកំពតដោះលែងឱ្យមានសេរីភាពវិញហើយ។
ខ្ញុំបាទ ទេស វិបុល និងថ្នាក់ដឹកនាំ សមាជិក សមាគម សូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រីជាទីស្រលាញ់ មានសុខភាពល្អ ជួបតែសេចក្តីសុខចម្រើន និងសមប្រកបតែនឹងព្រះពុទ្ធពរទាំង៤ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕