ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាចថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព ហើយក៏ជាឱកាសសម្រាប់ឱ្យអ្នកចូលរួមពិធី បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ដូចជា៖ ទី១/ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងសាសនា, ទី២/ សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់, ទី៣/ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្ជិទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិសាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមស្ថាប័នមានសមត្ថកិច្ច, ទី៤/ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ទី៥/ សូមបន្តជឿជាក់ និងគំាទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា, ទី៦/ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍ ៕