ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្តភ្ញៀវ ចំនួន២គ្រឿង ដែលយកជួសជុល និង ម៉ូតូ ១គ្រឿង ក្នុងយានដ្ឋានមួយយីហោ «សុខ ធី» ផ្អើលសមត្ថកិច្ច

ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្តភ្ញៀវ ចំនួន២គ្រឿង ដែលយកជួសជុល និង ម៉ូតូ ១គ្រឿង ក្នុងយានដ្ឋានមួយយីហោ «សុខ ធី» ផ្អើលសមត្ថកិច្ចចុះជួយពន្លត់ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅបណ្តោយផ្លូវជាតិ២១បេ ចំណុចភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មុនពេលកើតហេតុ ភ្ញៀវបានយករថយន្ត ម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A-8713 ដើម្បីឲ្យជាងជួសជុល ពេលនោះក្រុមជាង បានទ្បើងប៉ុងរថយន្ត ដើម្បីពិនិត្យជើងក្រោម ក៏ស្រាប់តែមានផ្សែងហ៊ុយខ្មៅខ្មួលខ្មាញ់ លាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីម៉ាស៊ីនប៉ុង ។ ភ្លាមនោះក្រុមជាង បាននាំគ្នា យកបំពង់ពន្លត់អគ្គិភ័យ និងទុយោបាញ់ទឹក ដើម្បីមកជួយបាញ់ពន្លត់ តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឲ្យជួយចុះមកអន្តរាគមន៍ ដើម្បីកុំអោយឆេះរាលដាលកាន់តែខ្លាំង ។
បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះ រថយន្តក្នុងយានដ្ឋានយីហោ « សុខ ធី » ភ្លាមៗ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យរថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ ចេញរថយន្តទៅជួយអន្តរាគមន៍ផងដែរ ។
អគ្គិភ័យនេះដែរ បានបង្កការខូចខាតរថយន្តចំនួន០២គ្រឿង របស់ភ្ញៀវ ដែលមានម៉ាក Nissan Frontier ០១គ្រឿង ឆេះអស់៥០ភាគរយ និងរថយន្តម៉ាក Mercedes ០១គ្រឿង ឆេះប្រមាណ ២២ភាគរយ ចំណែកម៉ូតូ ០១គ្រឿង (របស់ជាង) ឆេះប្រហែល ១០ភាគរយ ។
ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០២គ្រឿង និងរថយន្តកងអង្គរក្ស០១គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ៕

អត្ថបទដែលជាប់ទាក់ទង