បុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង រេចង្កូតបុកកង់បីខ្មែរ បណ្ដាលឲ្យក្រឡាប់ ហើយម្ចាស់ម៉ូតូកង់បី រងរបួស រួចបន្តបើករត់គេចទៅបុកម៉ូតូ០១គ្រឿងទៀត ទើបឃាត់បាននៅក្បែរផ្សារអូរឬស្សី
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឡើងកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បុរសជនជាតិចិនម្នាក់ បើករថយន្តលឿន រេចង្កូតបុកកង់បីខ្មែរ បណ្ដាលឲ្យក្រឡាប់ ហើយម្ចាស់ម៉ូតូកង់បី រងរបួស ក្បែរវត្តមហាមន្ត្រី ហើយជនជាតិចិនរូបនេះបន្តបើករត់គេចទៅបុកម៉ូតូ០១គ្រឿងទៀត ទើបឃាត់បាននៅក្បែរផ្សារអូរឬស្សី ។
បុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក AUDI A8L ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-2567 បើកក្នុងល្បឿនលឿន ខណៈមកដល់ចំណុចក្បែរវត្តមហាមន្ត្រី ស្រាប់តែរេចង្កូតឡើងខឿនទៅបុកកង់បីខ្មែរពេញទំហឹង បណ្តាលអោយក្រឡាប់ នឹងធ្វើអោយម្ចាស់កង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗ ជនជាតិចិន បានបន្តបើករត់គេច ឆ្លងកាត់ផ្សារនាគមាស បន្តឡើងកាត់បុរីកីឡា រហូតបើកមកដល់ចំណុចក្បែរផ្សារអូរឬស្សី លើបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ១៤១ បានទៅប៉ះម៉ូតូមួយគ្រឿងទៀត ទើបព្រមឈប់រថយន្តលែងទៅមុខ ។ ស្របពេលនោះ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចឃាត់បុរសជនជាតិនេះ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។ សមត្ថកិច្ចមូលដ្ឋានបានហៅ រថយន្តស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រងចាំដោះស្រាយពេលក្រោយ ៕