អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យភូមិបាលក្រុង-ស្រុកពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ដែលពាក់ព័ន្ធ មួយចំនួនទៀត។
កិច្ចប្រជុំនេះបានពិភាក្សាឯកភាពគ្នាដោយរលូលើទិដ្ឋភាពជាក់ស្តែងទៅតាមការកំណត់ផ្ទៃអាង ហើយនិងត្រូវជីកស្តានៅពេលខាងមុខ ដើម្បីប្រែក្លាយ ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹកទាំងរនោះ ដែលកំពុងតែគោករាក់ ទៅជាព្រែកដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងការស្រោចស្រពកសិកម្ម ក៏ដូចជាក្លាយជាតំបន់ទេសចរណ៍សម្រាប់ខេត្តស្វាយរៀងទៅថ្ងៃអនាគតដល់កូនចៅជំនាន់ក្រោយ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-កាត់បន្ថយទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដីដែលជាទ្រព្យសម្បត្តិរដ្ឋ។
-បម្រើឱ្យការស្រោចស្រពលើផ្ទៃដីកសិកម្ម។
-ធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹកដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម។
-ថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម ៕

អត្ថបទដែលជាប់ទាក់ទង