ឃាត់ខ្លួនបុរសជាប្តី បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល២១ថ្ងៃ ពាក់ព័ន្ធករណីដុតសម្លាប់កូន

ខេត្តកណ្តាល ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តី បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល២១ថ្ងៃ ពាក់ព័ន្ធករណីដុតសម្លា.ប់កូន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ។
សមត្ថកិច្ចធ្វើការឃាត់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីជនសង្ស័យចេញពីព្យាបាលនៅមន្ទីរពេទ្យរយៈពេល ២១ថ្ងៃ ។

ជនសង្ស័យមានឈ្មោះ នូវ រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល មានមុខរបរ ជាកសិករ ។
សមត្ថកិច្ចដកហូតបានដែកកេះប្រើហ្គាស ពណ៍ស្វាយចំនួន០១ដើម, ដបទឹកសុទ្ធចំនួន០១ដប (មានចំណុះកន្លះលីត្រ ដែលបានច្រកសាំងយក មកដុតខ្លួនឯង), ម៉ូតូហុងដាទ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A 7492 ជាមធ្យោបាយរបស់ជនសង្ស័យ ។
ចំណែកជនរងគ្រោះ ជាកូនមានឈ្មោះ រដ្ឋា ម៉ារី ភេទស្រី អាយុ១ឆ្នាំ និង៧ខែ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ។ កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។
កន្លងមក ជនសង្ស័យឈ្មោះ នូវ រដ្ឋា (ដែលត្រូវជាឪពុករបស់ជនរងគ្រោះ) ចំណែក ប្រពន្ធឈ្មោះ រិន សាម៉េត (ដែលត្រូវជាម្តាយរបស់ជនរងគ្រោះ) គឺតែងតែមានរឿងទំនាស់នៅក្នុងគ្រួសារ ជាប្រចាំ ដោយជនសង្ស័យជាប្តី តែងតែប្រើប្រាស់អំពើហិ.ង្សា វៃ.តប់ទៅលើប្រពន្ធ កូនជាញឹកញ៉ាប់ និងនិយាយគំរាមកំហែងថា ចាក់សម្លា.ប់ចោល ហើយដុតផ្ទះចោលទៀតផង។ ហើយប្រពន្ធរបស់ជនសង្ស័យ ក៏ធ្លាប់បានទៅដាក់ពាក្យបណ្តឹង សុំលែងលះគ្នានៅសាលាឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ម្តងរួចមកហើយតែមិនបានដាច់ស្រេចនោះទេ ដោយសារតែជនសង្ស័យជាប្តី មិនបានយល់ព្រមផ្តិតមេដៃលែងលះគ្នានោះទេ ។
ចាប់តាំងពីពេលនោះមក ប្រពន្ធរបស់ជនសង្ស័យ ក៏បានសម្រេចចិត្ត នាំយកកូនស្រី ចំនួន០៣នាក់ យកទៅរស់នៅផ្ទះជាមួយម្តាយ ឪពុកបង្កើត ដែលស្ថិតនៅភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ។ ហើយប្រពន្ធបានចូលទៅបម្រើការងារកាត់ដេរនៅសិប្បកម្មមួយកន្លែង ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបានលុយខ្លះមកចិញ្ចឹមកូនស្រី ០៣នាក់ និងឪពុកម្តាយ នៅឯផ្ទះ ។
លុះមកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង០៤ និង៣០នាទីល្ងាច ជនសង្ស័យជាប្តី បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1A-7492 ដោយបានជិះ ទៅឌុបកូនស្រី ឈ្មោះ រដ្ឋា ម៉ារី អាយុ១ឆ្នាំ៧ខែ ចេញពីផ្ទះម្តាយក្មេងមកជាមួយផងដែរ ។ នៅពេលធ្វើដំណើរមកដល់ចំណុចខាងមុខកន្លែងធ្វើការរបស់ប្រពន្ធ ជនសង្ស័យបានឈប់ម៉ូតូ ហើយបានដើរ ពកូនស្រី មកស្រែកហៅប្រពន្ធឲ្យចេញពីកន្លែងធ្វើការ ក្នុងគោលបំណងហៅប្រពន្ធអោយត្រឡប់ទៅផ្ទះវិញ ។ ពេលនោះ ប្រពន្ធ ក៏បានដើរចេញមកពីកន្លែងធ្វើការ ដើម្បីមកជួបប្តី នៅខាងមុខកន្លែងធ្វើការ ស្ថិតនៅលើផ្លូវជាតិលេខ២១ ស្រាប់តែអ្នកទាំងពីរ ក៏មានទំនាស់ពាក្យសំដីឈ្លោះប្រកែកគ្នាទៅវិញទៅមក ដោយជនសង្ស័យបាននិយាយ«សុំត្រូវរ៉ូវគ្នាវិញ» ដោយឲ្យប្រពន្ធ និងកូនទៅរស់នៅផ្ទះជាមួយគ្នាវិញដូចដើម ប៉ុន្តែប្រពន្ធគាត់មិនយល់ព្រមនោះទេ ហើយក៏បានដើរទៅឆក់យកកូនស្រី ចេញពីដៃរបស់ជនសង្ស័យ តែ ជនសង្ស័យមិនព្រមប្រគល់កូនស្រីឲ្យនោះទេ នៅពេលនោះ ប្រពន្ធរបស់ជនសង្ស័យ ក៏បានដើរទៅហៅអ្នកជិតខាង ឲ្យមកជួយនាំយកកូនស្រីចេញពីដៃរបស់ជនសង្ស័យជាប្តី ភ្លាមៗនោះ ស្រាប់តែជនសង្ស័យកើតចិត្តខឹង បានរត់ទៅទាញយកដបសាំង ដែលលាក់ទុកលើរានម៉ូតូ ចំនួន០១ ដបទឹកសុទ្ធ យកមកស្រោចចាក់លើខ្លួនប្រាណ ហើយបានខ្ទាតប្រេងសាំងទាំងអស់នោះ ប៉ះទៅលើដងខ្លួនរបស់កូនស្រីបង្កើត ដែលបានពជាប់ដៃខាងឆ្វេង ហើយជនសង្ស័យ ក៏ បានទាញយកដែកកេះហ្គាស ចេញពីក្នុងហោប៉ៅខោរ យកមកកេះដុតខ្លួនឯង បណ្តាលឲ្យភ្លើងឆេះឆាបអ្នកទាំងពីរ តែម្តង ។
ភ្លាមនោះ បុគ្គលិកសន្តិសុខកំពុងតែយាមនៅធនាគារក្បែរទីតាំងកន្លែងកើតហេតុ ក៏បាននាំគ្នា ទាញយកបំពង់ពន្លត់អគ្គិភ័យយកមកជួយបាញ់ពន្លតភ្លើង រហូតដល់រលត់ភ្លើងអស់តែម្តង ។ បណ្តាលឲ្យជនរងគ្រោះជាកូនស្រី បានរងរបួសធ្ងន់ធ្ងររលាកពេញដងខ្លួន ពេលនោះម្តាយបានដឹកយកកូនស្រីយកទៅសង្គ្រោះព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យតេជោសែនកោះធំ ដោយសារតែស្ថានភាពកុមាររងគ្រោះរលាកភ្លើងខ្លាំងពេក ទើបលោកគ្រូពេទ្យបានដឹកបញ្ជូនកុមាររងគ្រោះយកទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យខាងលើ គឺត្រូវបានបងប្អូនអ្នកជិតខាង ដឹកបញ្ជូនយកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យតេជោសែនកោះធំ ។
បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល២១ថ្ងៃ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ កម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង